ឯកឧត្តម ស៊ូម សារឿន និងឯកឧត្តម ទេព យុទ្ធី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្នាក់ការ និងប្រកាសតែងតាំង ថ្នាក់ដឹកនាំនិងសមាជិក សមាគមរាជសីហ៍ សាខាខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ) ៖ នៅព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់ អមដំណើរដោយថ្នាក់ដឹកនាំសមាគម បានអញ្ជើញជាអធិបតីក្នុងពិធីម្ភោធទីស្នាក់ការសមាគម និងប្រកាសតែងតាំងថ្នាក់ដឹកនាំ និងសមាជិក សាខាខេត្តបន្ទាយមានជ័យ ។ពិធីនេះបានធ្វើឡើងទីស្នាក់ការសមាគម ស្ថិតនៅក្នុងភូមិទួលលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាជ័យ ដោយមានការនិមន្តនិងអញ្ជើញចូលរួមសរុបជាង២០០អង្គ/អ្នក។
លោក ម៉ាត់ ណើសៀក អគ្គលេខាធិការរងសមាគម និងជាប្រធានផ្នែកឥស្លាម បានអានសេចក្តីសម្រេចតែងតាំង លោក ណាំ រស្មី ប្រធានសាខាខេត្តបន្ទាយមានជ័យ និងសមាជិក សមាជិកា សរុប១១៤នាក់។បន្ទាប់ពីនេះលោក ណាំ រស្មី បានឡើងថ្លែងអំណរគុណ និងប្តេជ្ញាចិត្តចំពោះគណៈអធិបតី និងអង្គពិធីគឺខិតខំអនុវត្តតួនាទី ភារកិច្ច ដឹកនាំ សម្របសម្រួល កៀរគរថវិកា និងការចូលរួមពីយុវជន ដោយគោរពតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងសមាគម ជាពិសេស សូមគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និង សូមគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
ឯកឧត្តម ទេព យុទ្ធី ប្រធានក្រុមប្រឹក្សាយោបល់សមាគមរាជសីហ៍ ថ្លែងថា សមាគមយើងបង្កើតឡើងស្របតាមច្បាប់ រដ្ឋធម្មនុញ្ញ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប ទាំងព្រះសង្ឃ ខ្មែរឥស្លាម និង គ្រិស្តសាសនិក មានសិទ្ធិបង្កើតនិងចូលរួមក្នុងសមាគម ជាក់ស្តែងសមាគមយើងមានគ្រប់សមាសភាព ក្នុងនាមជាគ្រួសារខ្មែរតែមួយ។
ជាមួយគ្នានោះដែរឯកឧត្តមប្រធាន បានថ្លែងពីគោលបំណងសមាគម គឺធ្វើការងារ សប្បុរសធម៌ និងមនុស្សធម៌ ជួយជនរងគ្រោះ និងងាយរងគ្រោះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែប្រសើរឡើង ដោយត្រូវធ្វើសកម្មភាពប្រកបដោយ គុណភាព សីលធម៌ សច្ចះធម៍ និងត្រូវរៀបចំផែនការ រួចអនុវត្ត រួមសាមគ្គីគ្នាធ្វើសកម្មភាព។
ទន្ទឹមនោះឯកឧត្តមប្រធាន ក៏បានថ្លែងការកោតសរសើភាពប៉ិនប្រសព្វរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេស ជាពិសេស ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺកូវីដ១៩។
ឯកឧត្ដម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ សម្តែងការអបអរសាទរចំពោះថ្នាក់ដឹកនាំ និងសមាជិកសាខាខេត្តបន្ទាយមានជ័យ ដែលទើបទទួលបានការតែងតាំងថ្មី និងថ្លែងការកោតសរសើរ លោក ហុង ស៊ីទិត និង លោក ហួត សម្បត្តិ ដែលជួយសម្របសម្រួល ក្នុងការរៀបចំសាខាជាច្រើន យ៉ាងឆាប់រហ័ស។
ឯកឧត្ដមប្រធានបានថ្លែងពីប្រវត្តិនៃការកកើតសមាគមរាជសីហ៍មានក្បាលម៉ាស៊ីនតែ៥នាក់ បង្កើតជាស្ទីតយោStudio ថតបទចម្រៀង រួចប្រែក្លាយជាធ្វើការងារមនុស្សធម៌ ដោយក្រសួងមហាផ្ទៃទទួលស្គាល់នៅឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្នមានសមាជិក ជាង៥,០០០អង្គ/នាក់ ក្នុងនោះមាន ខ្មែរឥស្លាមជាង១,០០០នាក់ ជនបរទេស១៨នាក់ និងមានសាខាសរុប២៩ ក្នុងនោះ រាជធានី/ខេត្តចំនួន២៤ និងសាខាក្រៅប្រទេសចំនួន ០៥ គឺ ប្រទេសកូរ៉េ ថៃ វៀតណាម ជប៉ុន និង ម៉ាឡេស៊ី។
ក្នុងនោះឯកឧត្តមប្រធាន បានណែនាំឱ្យបន្តធ្វើសកម្មភាពមនុស្សធម៌ និង សប្បុរសធម៌ ធ្វើតែអំពើល្អ ដោយបន្តទទួលសមាជិក យុវជន យុវនារី ចូលរួមក្នុងសមាគម ដោយមិនប្រកាន់បក្ខពួកសាសនាអ្វីឡើយ។ ការចូលរួមជាសមាជិករាជសីហ៍ គឺចូលរួមធ្វើបុណ្យ ធ្វើកិច្ចការមនុស្សធម៌ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យកាន់តែប្រសើរឡើង។
ជាងនេះទៅទៀតឯកឧត្តមប្រធាន បានហាមយកឈ្មោះថ្នាក់ដឹកនាំណាមួយទៅប្រើ ដើម្បីអូសទាញសមាជិកឱ្យចូលរួមក្នុងសមាគម និងគ្មានការសន្យាផ្តល់តំណែងនេះនោះទេ។
ឯកឧត្តមប្រធានបានឱ្យដឹងថា សមាគមបានធ្វើសកម្មភាពមនុស្សធម៌បាន ជាង៦០០លើក ចំណាយថវិកាជាង ១លានដុល្លារ ដែលបានមកពីការបរិច្ចាគ របស់ថ្នាក់ដឹកនាំ សមាជិក និងសប្បុរសជន គឺមិនទាន់មានជំនួយពីណាទេ ដោយធ្វើសកម្មភាព កីឡា បណ្តុះបណ្តាលយុវជននូវជំនាញ ភាសារបរទេ កុំព្យូទ័រ រដ្ឋបាល ទំនាក់ទំនងសាធារណៈ បានស្វែងរកអាហាររូបករណ៍ជាង ១,០០០នាក់ជាមធ្យមក្នុង១ឆ្នាំ សម្រាប់ផ្តល់ជូន សិស្ស និស្សិត យុវជនរាជសីហ៍ ហើយសូមប្រកាសប្រគល់ជូន ១០០នាក់ក្នុង១ឆ្នាំ ជូនសាខាបន្ទាយមានជ័យ។
ឯកឧត្តមប្រធាន សូមថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្តល់អាហាររូបករណ៍របស់ សម្តេចតេជោ ហ៊ុន សែន ចំនួន៥០នាក់ ក្នុង១ឆ្នាំ ជូនយុវជនសមាគម។ក្រៅពីធ្វើសកម្មភាពមនុស្សធម៌ កីឡា ជួយសង្គម ក្នុងប្រទេសយើង សមាគមរាជសីហ៍ ក៏បានធ្វើសកម្មភាពក្រៅប្រទេស ដូចជា កូរ៉េ បារាំង និងជប៉ុន។
ឯកឧត្ដមប្រធានថ្លែងការគាំទ្រ ការប្តេជ្ញាចិត្តរបស់លោក ណាំ រស្មី និងណែនាំឱ្យអនុវត្តការប្តេជ្ញាចិត្តទាំង៧ចំណុចរបស់ខ្លួន ដោយផ្សព្វផ្សាយនិងអនុវត្តសកម្មភាព ស្របតាម បទបញ្ជាផ្ទៃក្នុង និង លក្ខន្តិកៈ រួមសាមគ្គីគ្នា ធ្វើសកម្មភាពមនុស្សធម៌ ជាពិសេស ត្រូវគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និង សូមគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕