ពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីសាលព្រឹក្ស ស្ថិតនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖មានប្រសាសន៍សំណេះសំណាលក្នុងពិធីសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីសាលព្រឹក្ស ស្ថិតនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងនូវការកោតសរសើរព្រះតេជគុណ មាស ហាន់ ព្រះចៅអធិការ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ គណៈកម្មការអាចារ្យវត្តបានខិតខំលះបង់យកអស់កម្លាំងព្រះកាយ កម្លាំងព្រះទ័យ ព្រះប្រាជ្ញាស្មារតី និងធនធានក្នុងការគ្រប់គ្រងអភិវឌ្ឍវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន រហូតកសាងបាននូវសាលាអនុគណស្រុក សាលាធម្មសភា ព្រះពន្លាជ័យ ជណ្តើកែវ ប្រាសាទតម្តល់ព្រះពុទ្ធរូប រូបបដិមាផ្សេងៗ រូបសំណាកហ្លួងព្រះសេ្តចកន ចង្គ្រានបាយ ក្លោងទ្វា ផ្លូវបេតុង វេច្ចកុដិ កែលម្អទីសេនាសនៈនានា និងទីធ្លាក្នុងវត្តចំណាយថវិកាសរុប ២៤៥.៣១៦ដុល្លារអាមេរិក។
ឯកឧត្តម បញ្ជាក់ថា សមិទ្ធផលទាំងនេះកើតឡើងពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដោយសទ្ធាជ្រះថ្លារបស់លោកឧកញ៉ា រួមជាមួយសប្បុរសជន និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីសម្រេចបាននូវសមិទ្ធផលសម្រាប់តម្តល់ទុកជាសម្បត្តិគរុភណ្ឌ ក្នុងការប្រើប្រាស់ជាប្រយោជន៍រួមរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការគោរពប្រតិបត្តិតាមជំនឿបែបព្រះពុទ្ធសាសនា។ ព្រះរាជាណាចក្រកម្ពុជា បានផ្តល់តម្លៃខ្ពស់លើការអភិវឌ្ឍវិស័យសាសនា ក្នុងនោះមានការគោរពសេរីភាពខាងជំនឿសាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត ដើម្បីសាមគ្គីភាព និងសុខដុមរមនានៃសង្គមជាតិ។
ជាមួយគ្នានោះដែរឯកឧត្តមបញ្ចាក់ទៀតថា រដ្ឋបាលខេត្តលើកទឹកចិត្តឱ្យវត្តអារាម និងវិហារសាសនាផ្សេងៗទៀត ជាមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋឱ្យមានស្មារតី និងទឹកចិត្តប្រកបដោយធម៌ មិនប្រកាន់អំពើហិង្សា មិនរើសអើងពណ៌សម្បុរ មានស្មារតីសាមគ្គីរាប់អានគ្នាយ៉ាងទូលំទូលាយក្នុងសង្គម មានសកម្មភាពយ៉ាងសកម្មចូលរួមអភិរក្ស និងអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។ ទន្ទឹមនោះក៏បានថ្លែងអំណរគុណប្រជាពលដ្ឋដែលមានការជឿជាក់លើគណបក្សប្រជាជន ដែលបានធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ទទួលបានសម្លេងគាំទ្រ ហើយសង្ឃឹមថា បងប្អូននិងបន្តការគាំទ្រគណបក្សប្រជាជនបន្តទៀត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឲ្យទទួលបានលទ្ធផលល្អតាមការគ្រោទុក។
ទន្ទឹមនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ ព្រោះប្រទេសជាតិមានសុខសន្តិភាព ក៏ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍បានឆក់យកអាយុជីវិតប្រជាពលរដ្ឋជាបន្តបន្ទាប់ក្នុងខេត្តព្រះសីហនុ ដូច្នេះដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺមានតែចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នា។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បាននាំយកអំណោយសម្តេចតេជោ ចែកជូនយាយជីតាជី ៣០នាក់ ក្នុងម្នាក់ៗ ក្រណាត់ស ១ដុំ ,ថវិកា ២ម៉ឺនរៀល ,ប្រជាពលរដ្ឋ ៦០០នាក់ ក្នុងម្នាក់ ១ម៉ឺនរៀល ,លោកគ្រូ អ្នកគ្រូ ២០នាក់ ម្នាក់ ៥ម៉ឺនរៀល ,សិស្សានុសិស្ស ១០០នាក់ ម្នាក់ សៀវភៅ ២ក្បាល ប៊ិច ២ដើម ថវិកា ១ម៉ឺនរៀល ,យុវជនស.ស.យ.ក យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម ១៥០នាក់ ម្នាក់ ២ម៉ឺនរៀល ,យុវជនអ.ម.ត ២៥នាក់ ម្នាក់ ២ម៉ឺនរៀល ,សមាគមនារីកម្ពុជា ដើម្បីសន្តិភាព ២៥នាក់ ម្នាក់ ២ម៉ឺនរៀល ,ជូនសាលាស្រុក ១លានរៀល និងក្រុមគ្រូពេទ្យ ៥០ម៉ឺនរៀលផងដែរ៕