អបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣០ ក្រោមប្រធានបទ “វឌ្ឍនភាព និងការអភិវឌ្ឍន៍អ្នកសារព័ត៌មានក្នុងសម័យឌីជីថល”
(ភ្នំពេញ):សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា(CIDS សហកាជាមួយអង្គការក្រុមការងារ ដើម្បីដោះស្រាយទំនាស់(ACT) បានរៀបចំវិធី អបអរសាទរ ទិវាសេរីភាពអ្នកសារព័ត៌មានពិភពលោក ២០២៣ លើកទី៣០ ក្រោមប្រធានបទស្តីពី “វឌ្ឍនភាព និងការអភិវឌ្ឈន៍អ្នកសារព័ត៌មានក្នុងសម័យឌីជីថល” ដោយមានការអញ្ជើញចូលរួមជាគណ:អធិបតី លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា(CJDS) កញ្ញា ស្រី សុធាវី នាយិកអង្គការ ក្រុមការងារដើម្បីដោះស្រាយទំនាស់(ACT) និងលោក ហង្ស ចក្រា អ្នកសារព័ត៌មានចាស់វស្សា។
ពិធីនេះបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅអាគារមណ្ឌលព័ន្ធកិច្ចឯកភាពគ្រីសបរិស័ទ ស្ថិតនៅក្នុងសង្កាតទួលទំពូង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយមានការចូលរួមពីអ្នកសារព័ត៌មានចំនួន២០០នាក់ មកពីបណ្តាស្ថាប័ន អង្គភាពសារព័ត៌មានផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា។
មានមតិស្វាគមន៍នាឱកាសនោះកញ្ញា ស្រី សុធាវី បានមានប្រសាសន៍ថា ទិវាសិទ្ធិសេរីភាពអ្នកសារព័ត៌មាននៅថ្ងៃនេះគឺគ្រាន់ជាការរំលឹកអំពីកិច្ចខិតប្រឹងប្រែងនិងការលះបង់ខ្ពស់របស់អ្នកសារព័ត៌មាន ដែលធ្វើការភាគច្រើនគឺស្ម័គ្រចិត្ត ដោយទឹកចិត្តក្នុងការបម្រើដល់ប្រទេសជាតិ ដល់សហគមន៍ ។អញ្ចឹងសង្ឃឹមថាទិវានេះនិងជួយរំលឹកអ្នកសារព័ត៌មានក៏ដូចជាប្រជាពលរដ្ឋមនុស្សទូទៅ ដើម្បីឲ្យយល់ដឹង ចូលរួមចំណែករំលឹកអំពីការចូលរួមនៅក្នុងការអភិវឌ្ឍន៍ប្រទេសជាតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងសង្គមជាតិយើងហើយចូលរួមចំណែកលុបបំបាត់ទម្រង់បែបហឹង្សាទាំងអស់។
កញ្ញា ស្រី សុធាវី បានជឿជាក់ថា ស្ថាប័នបណ្ដាញព័ត៌មាន ក៏ដូចជាក្លឹបអ្នកសារព័ត៌មានផ្សេងៗទៀតដែលធ្វើកិច្ចការងារទាំងអស់សុទ្ធតែមានគោលបំណងរួមតែមួយទេគឺចង់ឃើញប្រទេសជាតិយើងមានការរីកចម្រើន អញ្ចឹងយើងឃើញហើយថាប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំគ្រប់បែបយ៉ាង ដើម្បីទ្រទ្រង់ ស្ដារ ថែរក្សាប្រទេសជាតិឲ្យបានល្អ ស្អាត ដូច្នេះយើងត្រូវតែចូលរួមចំណែកទាំងអស់គ្នា នៅក្នុងការរិះគន់ក្នុងន័យស្ថាបនាដើម្បីកែលម្អនៅលើបញ្ហាណាមួយដែលមិនសមស្របនៅក្នុងសង្គម អញ្ចឹងអ្នកសារព័ត៌មានគឺជាភ្នែកជាច្រមុះសម្រាប់ប្រទេសជាតិយើងទាំងអស់គ្នា ហើយយើងរួមចំណែកតាមប្រព័ន្ធផ្សព្វផ្សាយគឺធ្វើឲ្យមានសន្តិភាពក្នុងប្រទេសយើង។
ជាមួយគ្នានោះដែរលោកបណ្ឌិត ហោ គន្ធា បានបញ្ជាក់ថា ការរៀបចំប្រារព្ធពិធីនេះឡើងក្នុងគោលបំណង ដើម្បីលើកស្ទួយដល់វិស័យព័ត៌មានដែលជាអំណាចទី៤ ឲ្យមានឥទ្ធិពល មានសិទ្ធិសេរីភាព សិទ្ធិក្នុងការបញ្ចេញមតិ និងស្វែងយល់គ្នាភាពល្អ និងភាពខ្វះខាត ដែលបានអនុវត្តកន្លងទៅ ក៏ដូចជាការពង្រឹងនូវសមត្ថភាពស្មារតីនិងក្រោមសីលធម៌ វិជ្ជាជីវៈដល់បងប្អូនអ្នកសារព័ត៌មាន។
លោកបណ្ឌិត ហោ គន្ធា បន្តថា អ្នកសារព័ត៌មានអាចប្រឈមនឹងបញ្ហា ពិសេសបទព្រហ្មទណ្ឌ ប្រសិនបើយើងមិនយល់ពីវិជ្ជាជីវៈរបស់យើងទេនោះ ពោលគឺសំដៅទៅលើអ្នកសារព័ត៌មាន ដែលមានច្បាប់ទម្លាប់ មានឡាយសិនឬអាជ្ញាប័ណ្ណត្រឹមត្រូវតែមិនព្រមផ្សព្វផ្សាយតាមច្បាប់ដែលក្រសួងព័ត៌មានចេញឱ្យនោះទេ។លោកបណ្ឌិត ហោ គន្ធា បញ្ជាក់ទៀតថា ដើម្បីយើងទាំងអស់គ្នាទទួលបានភាពល្អប្រសើរ ហើយកាន់តែល្អប្រសើរជាងនេះ គឺក្រោមសីលធម៌របស់យើងគឺជាការសំខាន់ណាស់ដូចឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានធ្លាប់លើកឡើងថា ក្រោមសីលធម៌ដូចជាអាវក្រោះដល់រឹងមាំរបស់អ្នកសារព័ត៌មាន ។ដូច្នេះមុននឹងចុះយកព័ត៌មាននិងផ្សព្វផ្សាយព័ត៌មានណាមួយយើងត្រូវតែស្វែងរកប្រភព និងរបៀបនៃការងារ ដូចជាសុំការអនុញ្ញាត,សុំបទសម្ភាសន៍ឲ្យគ្រប់ជ្រុងជ្រោយជាដើម។ជាកិច្ចបញ្ចប់នៃពិធីគណៈអធិបតីបានផ្ដល់ជូននូវប័ណ្ណសរសើរដល់អ្នកសារព័ត៌មានដែលបានចូលរួមនឹងទទួលទានអាហារសាមគ្គីផងដែរ៕