ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ ទទួលបានអំណោយមនុស្សធម៍ ពីសមាគមរាជសីហ៍ សាខាបន្ទាយមានជ័យ នៅបរិវេណវត្តព្រៃចាន់ ក្នុងស្រុកអូរជ្រៅ
(បន្ទាយមានជ័យ)៖សមាគមរាជសីហ៍ សាខាបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ ចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ នៅបរិវេណវត្តព្រៃចាន់ ស្ថិតនៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។
ការចុះសួរសុខទុក្ខ និងចែកអំណោយនេះដោយទទួលបានការអនុញ្ញាតពីគណៈកម្មាធិការប្រតិបត្តិសមាគមរាជសីហ៍ លោក ណាំ រស្មី ប្រធាន សមាគមរាជសីហ៍ សាខាខេត្តបន្ទាយមានជ័យ បានដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍ចែកជូនដល់ប្រជាពលរដ្ឋចំនួន២០គ្រួសារ ដែលមានជីវភាពខ្វះខាត រស់នៅចំណុចខាងលើ។ក្នុងនោះក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ។
នាឱកាសនោះលោកប្រធាន សាខាខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ជាទីនឹករលឹក។អំណោយដែលចែកជូនប្រជាពលរដ្ឋចំនួន២០គ្រួសារ ក្នុង០១គ្រួសារទទួលបាន៖អង្ករ,មី,ទឹកស៊ីអ៊ីវ,ទឹកត្រី,ស្កសរ,ប្រេងឆា និងថវិការមួយចំនួន ព្រមទាំងផ្តល់ថវិការជូនប្រជាការពារភូមិចំនួន ៦នាក់ផងដែរ។
ជាចុងបញ្ចប់ បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមរាជសីហ៍ ពិសេសឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ ដែលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជួយដល់ការងារសង្គមដោយមិនរើសអើងនិងសូមជូនពរថ្នាក់ដឹកនាំ និងសមាជិកសមាគរាជសីហ៍ទាំងអស់ មានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ក្នុងសង្គម ពិសេសសូមអគុណសន្តិភាព និងថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ រហូតទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័យលើគ្រប់វិស័យ ព្រមទាំងប្ដេជ្ញាចិត្តចូលរួមរក្សាសន្តិភាពឲ្យបាន និងសូមបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងសូមគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕