ក្មេងប្រុសអាយុ៤ឆ្នាំម្នាក់ លង់ទឹកស្រះខាងក្រោយផ្សារប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ស្លាប់យ៉ាងអាណោចអធម ខណៈម្តាយកំពុងបើកតូបលក់ដូរ
(ប៉ៃលិន)៖ពិតជាសង្វែកខ្លាំងណាស់ក្មេងប្រុសម្នាក់ បានលង់ទឹកស្រះនៅចំណុចក្រោយផ្សារប៉ាងរលឹម ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអធម៌កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៥និង១៥នាទី ។
ជនរងគ្រោះមានឈ្មោះ កា រស្មី ភេទប្រុស អាយុ០៤ឆ្នាំ ទីលំនៅភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន
។ឪពុកឈ្មោះ ផៃ រស្មី ភេទប្រុស អាយុ៤៣ ឆ្នាំមុខរបររត់តាក់ស៊ី រស់នៅភូមិ/សង្កាត់ខាងលើ និងម្ដាយឈ្មោះ អ៊ុល ស្រីមុំ ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរសម្អាងការ រស់នៅភូមិ/សង្កាត់ខាងលើ។
ម្ដាយរបស់ជនរងគ្រោះបានឆ្លើយបំភ្លឺថា មុនពេលកើតហេតុនៅវេលាម៉ោង០៧និង៣០នាទីថ្ងៃទី០៤ ខែឧសភា ខ្លួនបានចេញពីរផ្ទះទៅបើកតូបនៅផ្សារប៉ាងរលឹមដូចរាល់ដងដោយនាំកូនរបស់ទៅជាប្រចាំថ្ងៃ លុះដល់ម៉ោងប្រហែល១៥និង៣០នាទី មានក្មេងប្រុសម្នាក់រត់មកប្រាប់ថា កូនមីងលង់ទឹកស្រះនៅក្រោយផ្សារប៉ាងរលឹម លុះបានឮដំណឹងខ្លួនក៏បានរត់ទៅមើល ក៏ឃើញប្រជាពលរដ្ឋបានស្រង់កូនចេញពីទឹកស្រះមកលើគោកបាត់ ហើយពេលនោះខ្លួនក៏ដឹកកូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន ពេលនោះក្រុមគ្រូពេទ្យក៏បានជួយសង្គ្រោះ បន្ដែជាអកុសល្យកូនបានស្លាប់បាត់ទៅហើយ។
ក្រោយពីកើតហេតុ សពត្រូវបានក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន ពិនិត្យឃើញថាសពពិតជាស្លាប់ដោយសារលង់ទឹកស្រះ ពិតប្រាកដមែន រួចក៏បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ លោក ក្រូច ណាវី