ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម ដោយប្រើប្រាស់អាវុធខ្លី និងកាំបិតចុងស្រួច នៅស្រុកទឹកឈូក ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានហើយ
(ភ្នំពេញ)៖ករណីប៉ុនប៉ងឃាតកម្ម ដោយប្រើប្រាស់អាវុធខ្លី និងកាំបិតចុងស្រួច ដែលបានប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២២និង២០នាទីនៅចំណុចផ្ទះជួលគ្រូហ៊ាន់ ស្ថិតក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ទៅលើជនរងគ្រោះ ឈ្មោះ MCCOMB GEOFFREY BRENT ភេទប្រុស ជនជាតិញ៉ូសាឡែន ជាថៅកែ អាកាឌៀ ស្នាក់នៅភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ រងរបួស៤កន្លែងនោះកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, ស្នងការដ្ឋាននគរបាលខេត្តពោធិ៍, ស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការបង្ក្រាបបានជនសង្ស័យចំនួន២នាក់ ។
ការចុះប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន ព្រមទាំងមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុជនរងគ្រោះបានដើរលេងនៅក្រុងកំពតជាមួយមិត្តស្រី នៅពេលចូលដល់ផ្ទះភ្លាម ត្រូវបានជនសង្ស័យមួយក្រុម បានកាត់សោរផ្ទះរបស់ជនរងគ្រោះ រួចចូលក្នុងផ្ទះដើម្បីចាំទារលុយ ប៉ុន្តែជនរងគ្រោះមិនព្រមសង ក៏បានប្រកែកគ្នារហូតឈានដល់ទាស់ពាក្យសំដី ពេលនោះក្រុមជនសង្ស័យបានដកកាំភ្លើងខ្លី និងដំបងខ្លីធ្វើសកម្មភាពវាយនិងបាញ់ទៅលើជនរងគ្រោះចំចំណុចភ្លៅធ្លាយដល់គូត បន្ទាប់មកក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះរថយន្ត១គ្រឿង មិនស្គាល់ម៉ាកគេចខ្លួនបាត់។វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុ រួមមាន៖ បង់កាំភ្លើងចំនួន១, គ្រាប់កាំភ្លើងខ្លីមួយចំនួន និងកាំបិតចុងស្រួច ចំនួន១ដើម។
លុះដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៤និង១២នាទី កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្នងការដ្ឋាននគរលបាលខេត្តពោធិ៍សាត់ និងស្នងការដ្ឋាននគរបាលខេត្តកំពតជាម្ចាស់ករណី ធ្វើរបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០២នាក់៖
១៖ ឈ្មោះ ហេង សម្បត្តិ ភេទប្រុស ស្នាក់នៅផ្ទះជួលភូមិដីឥដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង (ជាជនដៃដល់)
២៖ ឈ្មោះ ទីវ ហុកឡាយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងរថយន្ដ ស្នាក់នៅភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ឃាត់នៅចំណុចវត្តបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងនៅមុខលោកតាដំបងក្រញូង សង្កាត់រតនៈ ក្រុងបាត់ដំបង ។ វត្ថុតាងដែលបានដកហូត រថយន្ដ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ2AA-5628។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជូនស្នងការដ្ឋានខេត្តកំពត ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវរកបក្ខពួកបន្តទៀត ដើម្បីចាប់ខ្លួនយកមកអនុវត្តតាមនិតិវិធីច្បាប់៕