បញ្ជូនក្មេងទំនើង០៣នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា នៅស្រុកភ្នំស្រុក
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង២២និង៣០នាទី ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្សារចំការគ ស្ថិតក្នុងភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ការចុះចាប់ឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ តាមពាក្យបណ្តឹងរបស់ឈ្មោះ ហ៊ីង ព្រហស្បតិ៍ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងថ្មត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ជនសង្ស័យដែលកម្លាំងចាប់ឃាត់ខ្លួននោះ
១.ឈ្មោះ សុផល់ ភិមផា ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបារាយ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
២.ឈ្មោះ ជាតិ ចូច ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
៣.ឈ្មោះ ហយ យាំងគួ ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បញ្ជាក់ថា តាមការរាប់រៀបរបស់ជនរងគ្រោះប្រាប់ថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូមកលេងប្អូននៅបន្ទប់ជួលនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ហើយបានបបួលគ្នាផឹកស៊ីនៅក្នុងបន្ទប់អស់ម្នាក់០៤កំប៉ុង រហូតដល់ម៉ោងប្រហែល៥ល្ងាច ជនរងគ្រោះបានបបួលគ្នាទៅផឹកបន្តនៅក្នុងហាងម៉ាតមួយកន្លែងទៀតនៅទឹកថ្លា បន្ទាប់មករហូតដល់វេលាម៉ោង១៩និង៥០នាទី មិត្តភក្តិបានបបួលរូបខ្លួនទៅផឹកបន្តនៅបន្ទប់ជួលនៅភូមិអូរអំបិល សង្កាត់អូរអំបិល ពេលទៅដល់ឃើញមានប្អូនៗអង្គុយផឹកមានគ្នាចំនួន០៣នាក់ ហើយក៏បានផឹកជាមួយគ្នា ពេលអង្គុយផឹកស្រាប់តែឃើញមានក្រុមក្មេងស្ទាវមួយក្រុមពុំដែលស្គាល់ មានគ្នាប្រហែល១០នាក់ អង្គុយក្បែរបន្ទប់ជួលនោះដែរ ពេលរូបខ្លួនផឹកអស់ប្រហែល៤៥កំប៉ុង ក៏បានបែកគ្នា ដោយខ្លួនបានជិះម៉ូតូជាមួយមិត្តភក្តិ ស្រាប់តែក្រុមជនសង្ស័យដែលផឹកនៅក្បែរបន្ទប់ជួលនោះបានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមពណ៍ខ្មៅ មានគ្នាចំនួន០២នាក់ ជិះពីក្រោយ ហើយបានទាញកាំបិតកាប់ពួកខ្លួនពីខាងក្រោយ តែកាប់ខុសឃើញដូចនោះរូបខ្លួន និងមិត្តភក្តិ បានជិះម៉ូតូគេចរហូតដល់ចំណុចផ្សារចំការគរ ស្ថិតក្នុងសង្កាត់អូរអំបិល ក៏បានជួបបក្ខពួកគេចំនួន០២នាក់ទៀត ជនរងគ្រោះបានឈប់ម៉ូតូដើម្បីសួរនាំ ស្រាប់តែត្រូវបក្ខពួកក្រុមជនសង្ស័យ ដេញកាប់ខ្លួន និងមានគ្នាចំនួន០៤នាក់ទៀត បានជិះម៉ូតូ០២គ្រឿងមកដល់ ហើយទាញកាំបិតផ្កាក់០១ដើម ពីក្នុងអាវមកកាប់ខ្លួន និងមិត្តភក្តិ បណ្តាលឱ្យរងរបួស និងកាប់ម៉ូតូបណ្ដាលខូចខាតខ្លាំង។
ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះធ្វើការស្រាវជ្រាវ និងឃាត់ជនសង្ស័យ០៣នាក់ ព្រមទាំងដកហូតវត្ថុតាងយកមកសួរនាំ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាមនីតិវិធី។ ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យទាំង០៣នាក់ បានសារភាពថា ពួកខ្លួនពិតជាបានកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារពួកខ្លួនខឹងហ្នឹងជនរងគ្រោះផឹកស៊ីហើយឌឺដងដាក់ពួកខ្លួន។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាង ជនសង្ស័យ ទាំង០៣នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃចន្ទ ទី០៨ ខែឧសភា ឆ្នាំ២០២៣ នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕