កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានមុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅតាមដងផ្លូវ យ៉ាងសកម្ម បានចំនួន២នាក់
(ភ្នំពេញ)៖មុខសញ្ញាឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅតាមដងផ្លូវយ៉ាងសកម្មនោះ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបាន២នាក់ហើយ។ការឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាន២នាក់នេះបានធ្វើឡើងក្រោយពីលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធានាយកដ្ឋាន បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង បានចុះល្បាតតាមបណ្តោយផ្លូវ លេខ២៩៤ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩និង០៥នាទី ក៏ប្រទះឃើញជនសង្ស័យជិះម៉ូតូចំនួន០១គ្រឿង មានគ្នាចំនួន០២នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះជាជនជាតិវៀតណាមចំនួន០២នាក់ ដែលកំពុងដើរតែមិនបានសម្រេច ត្រូវជនរងគ្រោះទាញយកមកវិញបណ្តាលឲ្យដួល។
ភ្លាមនោះកម្លាំងជំនាញ ការិយាល័យបានសហការជាមួយបុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ នៅចំណុចផ្លូវលេខ២៩៤កែងផ្លូវលេខ៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្នុងនោះដកហូតបាន ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ក្រហម។ក្រោយឆក់មិនបានសម្រេច កម្លាំងនគរបាលជំនាញបាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹង ដើម្បីចាត់ការតាមនីតិវិធីផងដែរ។ បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលើទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕