ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន ជួបជាមួយប្រជា​ពលរដ្ឋ​នៅស្រុក​សាលាក្រៅ ដើម្បីដោះ​ស្រាយបញ្ហា​ប្រឈ​មក្នុង​ការប្រើ​ប្រាស់​អគ្គិសនី

(ប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅរសៀលថ្ងៃទី០៩ ខែឧ​សភា ឆ្នាំ២០២៣ បានជួប​ជាមួ​យបងប្អូនប្រជា​ពលរដ្ឋ ដែល​មក​ពីស្រុក​សា​លាក្រៅ ដើម្បី​ដោះ​ស្រា​យចម្ងល់ និង​សំ​នូម​ព​ររប​ស់ពួកគា​ត់ ចំ​ពោះ​បញ្ហាប​រិមា​ណការប្រើប្រាស់​អគ្គីសនីមាន​កា​រកើន​ឡើងខុសប្រក្រតី ។ការ​ជួប​ជាមួ​យបងប្អូនប្រជា​ពលរដ្ឋនេះ បានធ្វើឡើងនៅ​សាលា​ខេត្តប៉ៃ​លិន ដោយ​មា​ន​ការចូល​រួមពីម​ន្ត្រីជំ​នាញ​ពាក់​ព័ន្ធ អា​ជ្ញាធ​រមូល​ដ្ឋាន អាជ្ញា​ធរអគ្គីសនីក​ម្ពុជា​ និង​តំណា​ងក្រុម​​ហ៊ុ​នអគ្គីស​នីក្នុង​ខេត្ត​ផងដែរ​។

ប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើងថា៖ ការប្រើប្រាស់​អគ្គីសនីរបស់​ពួកគាត់ នៅខែមេសានេះ មាន​លក្ខណៈមិនប្រក្រតី ដោ​យបរិមាណការប្រើប្រាស់អគ្គីសនីមានការកើនឡើងខ្លាំង ហើយ​ផ្ទះខ្លះ​កើន​ឡើង ១០០% បើទោះ​បី​ជាការប្រើប្រាស់​សម្ភារៈអគ្គី​សនីរបស់ពួ​កគាត់ ស្ថិត​នៅដដែល ក៏ដោយ ម្យ៉ា​ងវិញទៀតមួយរ​យៈចុងក្រោ​យនេះ ចរន្តអគ្គីស​នីមាន​ការដាច់ញឹកញាប់ ដែលធ្វើឲ្យ​សម្ភារៈ​ប្រើប្រា​ស់អគ្គីស​នីក្នុងផ្ទះ មាន​ការខូចខា​ត់ជាច្រើន ​។

តំណា​ងអាជ្ញាធ​រអគ្គីសនី​កម្ពុជា បា​នលើកឡើង​ថា៖ បើប​ងប្អូនប្រ​ជាពលរដ្ឋ មានប​ញ្ហាលើកា​រប្រើ​ប្រាស់​អគ្គីសនី ដូចជា ​បញ្ហាដាច់ភ្លើង​ញឹកញា​ប់ កុងទ័​រភ្លើងដើរ​លឿន​ ភ្លើង​ឡើង​គីឡូ មាន​ភាព​មិន​ប្រក្រតី សូមបងប្អូន​មកដាក់​ពាក្យស្នើសុំ​ទៅអាជ្ញាធ​រមូលដ្ឋាន ដើម្បី​អោយក្រុមការងា​រអាជ្ញាធរអគ្គីស​នីកម្ពុជា ចុះមកត្រួតពិ​និត្យជាក់​ស្តែង បានទា​ន់ពេល​វេលា ដោយ​មិនយ​កសេវ៉ាទេ ហើយប្រសិ​នបើ​មានកុងទ័រ​ខូច ឌីសង់ទ័រខូច ដោយធម្មជាតិ​ (រន្ទះបាញ់ ដើរលឿន ដើរ​យឺត ឬគាំង) រាល់ការ​ដោះ​ដូរកុងទ័រថ្មី​នេះ គឺមិ​នតម្រូវឲ្យប្រជា​ពលរដ្ឋ បង់ប្រាក់​នោះដែរ ។

លោកជំទា​វ បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិ​ន បានមានប្រ​សាសន៍លើកឡើងថា៖ ព្រះរាជា​ណា​ចក្រកម្ពុជា ក្រោមការដឹកនាំរបស់​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​ បានយកវិស័យចំនួន ៣ ជាអាទិភាព គឺ ផ្លូវ ទឹក ភ្លើង  ហើយចំពោះវិស័យថាមពលអគ្គិសនីនេះ គឺជាតម្រូវការចាំបាច់ ដែលមិ​នអាចខ្វះបាន នា​ពេលបច្ចុប្បន្ន ដូច្នេះ​សេវាករផ្គត់​ផ្គង់អគ្គិស​នីក្នុងខេត្តទាំងអស់ ត្រូវរួមស​ហការជាមួយអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរអគ្គីសនីកម្ពុជា ក្នុងការ​ចុះត្រួតពិ​និត្យមើល​បញ្ហាគី​ឡូភ្លើងឡើងខុសប្រក្រតី តា​មខ្នងផ្ទះប្រ​ជាពលរដ្ឋអោយបានច្បាស់លាស់ ថាតើបញ្ហាគីឡូ​ឡើងខ្លាំង​យ៉ាងនេះ តើមកពី​បញ្ហាអ្វីអោ​យពិតប្រាក​ដ? ព្រោះប្រជា​ពលរដ្ឋផ្ទុះការតវ៉ា​យ៉ាងខ្លាំងគ្រប់ទីកន្លែង ដែល​បញ្ហានេះរដ្ឋបាលខេត្ត ត្រូវធ្វើការដោះស្រាយជាបន្ទាន់ ដើម្បីភាពកក់ក្តៅ និងមានជំនឿចិត្ត ពីសំណា​ក់បងប្អូនពុកម៉ែតាមមូលដ្ឋាន ។

លោ​កជំទាវអភិបាលខេត្ត បានមានប្រសាសន៍​បញ្ជាក់ថា៖ ក្នុងនា​មរដ្ឋបាលខេត្ត និងជាអាណា​ព្យាបាលរ​បស់ប្រជា​ពលរដ្ឋ ចំពោះបញ្ហាគីឡូភ្លើងឡើងខ្លាំងនេះ លោកជំទា​វមានការ​ព្រួយបារម្ភ​ណាស់ ព្រោះវាធ្វើអោយ​ប៉ះពាល់ដ​ល់ជីវភាពរ​ស់នៅប្រចាំថ្ងៃរប​ស់ប្រជាពលរដ្ឋ ដូចនេះគ្រាន់​តែទ​ទួលបានព័ត៌​មាននេះភ្លាម ជំ​ទាវអភិបា​លខេត្ត ក៏បានចាត់ឱ្យលោកអភិបាលរងខេត្តទទួលបន្ទុក សហការជាមួ​យមន្ត្រីជំនាញពាក់ព័ន្ធ និង​ក្រុមហ៊ុនអគ្គីស​នី ចុះជួបប្រជាពលរដ្ឋនៅ មូលដ្ឋាន ជាក់​ស្តែង ដើម្បីរកដំណោះ​ស្រាយជូនពួកគាត់បានទាន់ពេលវេលា ដោយមិនអនុញ្ញា​តិអោយមានការគេ​ងចំណេញពីសំ​ណាក់ឈ្មួញ នាយទុន មកលើប្រជាពលរដ្ឋនោះឡើយ ។

នៅក្នុងឱកា​សនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសា​សន៍ជំរុញដល់ក្រុម​ហ៊ុនផ្គត់​ផ្គង់អគ្គីស​នី និង សេវាក​រទាំងអស់ សូមមេត្តាពិនិត្យមើលនូវបុគ្គលិករបស់ខ្លួនឲ្យបានច្បាស់លាស់ ជាពិសេ​សអាជ្ញាធរក្រុង/ស្រុក ត្រូវខិតខំ​យកចិត្តទុកដា​ក់ អំពីបញ្ហានេះ និងធ្វើការ​ផ្សព្វផ្សាយអោ​យបានទូលំទូលាយ អំពីតម្លៃសេវាករក្នុងការតបណ្តាញអគ្គីសនី នៅតាម​មូលដ្ឋាន​ឲ្យបានទូលំទូ​លាយ ជៀសវាងការយកតម្លៃខ្ពស់ជាងអជ្ញាធរអគ្គីសនីកម្ពុជាបានកំណត់ ។

សូម​បញ្ជាក់ថា៖​ បច្ចុប្បន្នទូទាំងខេ​ត្តប៉ៃលិន មា​នបន្ទុកប្រើប្រា​ស់ ថាម​ពលសរុប ១២ MW (នាំចូល​ពីអគ្គិសនីកម្ពុជា ខេត្តបាត់​ដំបង ចំនួន០៨ MW និងនាំចូលពីប្រទេសថៃចំនួន០៤ MW) មានក្រុម​ហ៊ុនចែក​ចាយថាមពលអគ្គិសនីឯកជនចំនួន ០២ ក្រុមហ៊ុន មានបណ្តាញអគ្គិសនីចូលដល់ភូមិ ចំនួន ៩០ភូមិ លើ ៩០ភូមិ ស្មើ ១០០ % គ្រួសារប្រជាពលរដ្ឋមានអគ្គិសនីប្រើប្រាស់ចំនួន ១៣,១១៨ គ្រួសារលើ​គ្រួសារសរុបចំនួន ១៧,៤០០ គ្រួសារ ស្មើនិង ៧៨ % ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button