ជនសង្ស័យម្នាក់ កាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវអាវុធហត្ថចាប់ឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា ដែលព្រឹត្តកាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តាមពាក្យបណ្ដឹងឈ្មោះ ហេង គឹមអុន ភេទប្រុស អាយុ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ជា សុខគា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរឥស្លាម បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ។
លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បន្តថា កាលពីវេលាកើតហេតុជនសង្ស័យឈ្មោះ ជា សុខគា បានឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះឈ្មោះ ហេង គឹមអុន ហើយបានយកកាំបិតកាប់ទៅលើជនរងគ្រោះត្រូវចំក្បាលផ្នែកខាងស្ដាំ និងផ្លាតទៅចំស្មាខាងស្ដាំបន្ថែមទៀត បណ្តាលឱ្យរងរបួសធ្ងន់។ ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្ដការនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងកាំបិតកែច្នៃប្រវែង៧០សង់ទីម៉ែត្រចំនួន០១ដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសួរនាំ ។ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាង ជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនិតិវិធី៕