ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ១ខ្នង ធ្វើអំពីឈើប្រក់ក្បឿង រថយន្ត ១គ្រឿង និងសម្ភារៈមួយចំនួនរងការឆាបឆេះអស់ទាំងស្រុង នៅក្រុងកំពង់ចាម
ខេត្តកំពង់ចាម៖ផ្ទះប្រជាពលដ្ឋ ១ខ្នង ធ្វើអំពីឈើប្រក់ក្បឿងដែលមានទំហំ ៧គុណ និង១២មែត្រ នៅភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុង/ខេត្តកំពង់ចាម ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង កាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បណ្តាលឲ្យរថយន្ត ១គ្រឿង ម៉ាកព្រុស ដែលទុកនៅក្រោមផ្ទះ និងកង់ចំនួន២គ្រឿង គ្រែចំនួន២ កៅអី២ និងសំភារះមួយចំនួនរងការខូចខាតអស់ទាំងស្រុង ដោយឡែម៉ូតូ ២គ្រឿង ត្រូវបានអ្នកជិតខាងជួយរំដោះយកចេញបាន។
លោកវរៈសេនីយ៍ត្រី យង់ ធូ នាយប៉ុស្តិ៍នគរបាលសង្កាត់សំបួរមាស ក្រុងកំពង់ចាម បានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ អែម យេកណា ភេទស្រី អាយុ ៥៧ឆ្នាំ ជាស្រ្តីមេម៉ាយ មុខរបរលក់ដូរ។
លោកបន្តថា ករណីខាងលើនេះគឺផ្តើមចេញមកពីការឆ្លងចរន្តអគ្គិសនី ហើយក្នុងប្រតិបត្តិការណ៍ជួយអន្តរាគមន៍នេះដែរ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយយន្តបាញ់ទឹកអស់ចំនួន ៧រថយន្ត ទើបរលត់ជាស្ថាពរ មិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកដ៏ទៃ និងមិនមានអ្នកគ្រោះថ្នាក់។
ក្រោយពីកើតហេតុភ្លាមលោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំនាងឲ្យឯកឧត្ដម អ៊ុន ចាន់ដា ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម និងជាអភិបាលខេត្តបានចុះពិនិត្យមើលពីការខូចខាត និងរៀបចំជំនួយសង្គ្រោះបណ្ដោះអាសន្ន ដើម្បីសំរាលការលំបាកដល់ម្ចាស់ផ្ទះ។
នាឱកាសនោះលោកទំទាវ ក៏បានផ្ដាំផ្ញើរដល់បងប្អូបប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយត្ន័ចំពោះគ្រោះអគ្គិភ័យ ក្នុងរដូវប្រាំងនេះ ដោយពិនិត្យមើលខ្សែភ្លើង និងបិតកុងតាក់មុនពេលចេញក្រៅផ្ទះជាដើម៕