មនុស្សប្រុស ស្រី២នាក់ និងកុមារ៉ា ១នាក់ បានរងរបួសធ្ងន់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកប៉ោយប៉ែតភ្លាមៗ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើយដោយបុរសជាជនជាតិចិនម្នាក់ បើកបរក្នុងល្បឿនលឿនបានបុកម៉ូតូប្រជាពលរដ្ឋ២គ្រឿង ដែលកំពុងធ្វើកំណើរ នៅតាមបណ្តោយផ្លូវជាតិលេខ ៥
ខេត្តបន្ទាយមានជ័យ៖ឧបទ្ទវហេតុហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយបុរសជាជនជាតិចិនម្នាក់ បើកបរខ្វះការប្រុងប្រយ័ត្ន បានបុករះម៉ូតូសង់ទ្រីមរបស់ប្រជាពលរដ្ឋចំនួន២គ្រឿង ដែលកំពុងធ្វើកំណើរ នៅតាមបណ្តោយផ្លូវជាតិលេខ ៥ បណ្តាលឲ្យមនុស្សប្រុស ស្រី២នាក់ និងកុមារ៉ា ១នាក់ បានរងរបួសធ្ងន់ ដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកប៉ោយប៉ែតភ្លាមៗ រីឯមធ្យោបាយ«ម៉ូតូ»រងការខូចខាតយ៉ាងដំណុំ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅចំណុចខាងមុខអាគារថ្មី ស្ថិតនៅក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ។
ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបើតាមប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមាកToyota Alphard ពាក់ស្លាក់លេខ ភ្នំពេញ 2BT-5705បើកបរដោយបុរសជាជនជាតិចិនម្នាក់ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែបុករះម៉ូតូ២គ្រឿង ដែលកំពុងធ្វើដំណើរ យ៉ាងពេញទំហឹង បណ្តាលឲ្យមានអ្នករងរបួសធ្ងន់ និងមធ្យោបាយធ្វើដំណើររងការខូចខាតយ៉ាងដំណុំតែម្តង។
ក្រោយពីកើតហេតុកម្លាំងនគរបាលផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះជួយអន្តរាគម ដោយនាំយករថយន្តសង្គោះបន្ទាន់ដឹកជនរងគ្រោះទៅមន្ទីពេទ្យភ្លាមៗ និងធ្វើការវាស់វែងតាមជំនាញ។
ដោយឡែកសម្រាប់ជនជាតិចិន ដែលបានបើកបរបង្កហេតុនោះ ក្រោយពីកើតហេតុបានឲ្យអ្នកបកប្រែប្រាប់ថា ខ្លួនបានទទួលស្គាល់ពីកំហុសដែលបានបើបរធ្វេសប្រហែសបើកបរក្នុងល្បឿនលឿន តែទោះយ៉ាងណាក្តីបុរសជាជនជាតិចិនរូបនេះមិនគេចវេស ព្រមទទួលការដោះស្រាយសំណងថ្លៃការព្យាបាល និងការខូចខាតទាំងអស់ ៕