រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧០ យាងចូល៧១ព្រះវស្សា នៅសាលប្រជុំធំសាលាខេត្ត
ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំព្រះរាជពិធីពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម៧០ យាងចូល៧១ព្រះវស្សា ។ពិធីនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះមេគណ ព្រះមន្ត្រីសង្ឃនៃសាលាគណ ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាជី យាយជី សាស្ត្រាចារ្យ និស្សិត ជាច្រើននាក់ផងដែរ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញអានសារថ្វាយព្រះពរព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានខ្លឹមសារថា ” ទូលព្រះបង្គំខ្ញុំម្ចាស់ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមព្រះបរមរាជានុញ្ញាតផ្ញើសារលិខិត ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់៧០ យាងចូល ៧១ព្រះវស្សា ដែលប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ” ។
នាឱកាសដ៏មហានក្ខត្តឫក្សឧត្ដុងឧត្ដមថ្លៃថ្លា“ទូលព្រះបង្គំយើងខ្ញុំ សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាសេ្វតច្ឆត្រ ព្រមទាំងទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំព្រះសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពស់ខ្ពស់បំផុត “។
ក្នុងព្រះរាជពិធីនោះដែរ រដ្ឋបាលខេត្តបានរៀបចំនូវទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ និងចែកអំណោយជូនតាជី យាយជី លែងសត្វ ព្រមទាំងរាប់បាត្រប្រគេនព្រះសង្ឃចំនួន៧១អង្គផងដែរ៕