ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅក្រុងប៉ៃលិន ចំនួន៣០៨គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តប៉ៃលិន និងមានការអញ្ចើញចូលរួមពីសមាជិក សមាជិកា ក្គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងក្រុមការងារ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៣០៥គ្រួសារ ក្នុងក្រុងប៉ៃលិន។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ក្នុងនោះឯកឧត្តមប្រធានកិត្តិយសគណៈកម្មាធិការសាខា បានសំដែងនូវការនឹករលឹកជាពន់ពេកចំពោះពុកម៉ែបងប្អូននាពេលនេះ ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ មានចំនួនមិនសមល្មមនឹងផ្គត់ផ្គង់អោយបានជានិរន្តរ៍របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា–មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
ជាមួយគ្នានោះដែរឯកឧត្តម ក៏បានក្រើនរំលឹកដល់លោកយាយ លោកតា អ៊ំពូមីងថា រដូវនេះ ជាចុងរដូវប្រាំងក្កៅហួតហែងខ្លាំង ហើយក៏មានភ្លៀងធ្លាក់ដោយអន្លើហេតុនេះ សូមមេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់នូវគ្រោះមហន្តរាយផ្សេងដូចជា អគ្គីភ័យ និងខ្យល់កន្ត្រាក់ ជាងនេះទៀតសុខភាពជារឿងសំខាន់ណាស់ សូមយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពផ្លាល់ខ្លួន និងកុមារតូចៗដែលពួកគាត់ងាយនឹងកើតជំងឺផ្សេងៗណាស់ក្នុងរដូវនេះ។
នាឱកាសនេះដែរ ឯកឧត្តមប្រធានកិត្តិយសបានលើកឡើងថា សូមបងប្អូនដែលមិនទាន់មានអត្តសញ្ញណប័ណ្ណ ឬមានអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាព សូមអញ្ជើញធ្វើអត្តសញ្ញាណប័ណ្ណឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តមបញ្ជាក់បន្តថា មានសន្តិភាព ទើបយើងមានអ្វីៗ គ្រប់យ៉ាងដូចថ្ងៃនេះ យើងគ្រប់គ្នារស់នៅក្រោមម្លប់សន្តិភាព ហេតុនេះ សូមរួបរួមគ្នារក្សាសន្តិភាពឱ្យបានគង់វង្ស។អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ៥០គីឡូក្រាម ទឹកត្រី១យួ មី១កេស ត្រីខ១យួរ និងថវិកាមួយចំនួន ៕ ដោយ ៖ លោក ក្រូច ណាវី