សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តបន្ទាយមានជ័យ សំណេះសំណាល និងផ្សព្វផ្សាយសេចក្ដីណែនាំ ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នាពេលខាងមុខ
(បន្ទាយមានជ័យ)៖លោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្តបន្ទាយមានជ័យ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបូរី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណោមនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយសេចក្ដីណែនាំដំណើរឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ អាណត្តិទី៥ នាពេលខាងមុខ ។
ឆ្លៀតក្នុងឱកាសនោះដែរលោក បោន ប៊ិន បានមានប្រសាសន៍ផ្ដាំផ្ញើចំពោះប្រធាន អនុប្រធាន ក្រុមការងារ ចុះមូលដ្ឋានភូមិទាំង១៨ ក្នុងឃុំចំណោម សូមយកអស់់កម្លាំងកាយចិត្ត បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដោយចិញ្ចឹមចលនាជាប្រចាំ ចុះជាប់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីដឹងសុខទុក្ខ និងដោះស្រាយសំណូមពររបស់ពួកគាត់ ។
លោកបន្តថា ក្រុមការងារគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងថវិកាដល់សមាជិករបស់បក្ស ដើម្បីធ្វើសកម្មភាពឲ្យទទួលបានលទ្ធផលល្អប្រសើរ ជោគជ័យ នាពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះផងដែរ ។
ទន្ទឹមនោះលោក បោន ប៊ិន ក៏បានកោតសរសើរដល់ប្រធាន អនុប្រធាន និងក្រុមការងារ ចុះជួយមូលដ្ឋាន ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនកន្លងមកផងដែរ ។លោក បន្ថែមទៀតថា យើងទាំងអស់គ្នាសង្ឃឹមថា នឹងទទួលបានជ័យជំនះជាក់ជាមិនខាននាពេលបោះឆ្នោតឃុំ សង្កាត់ នាពេលខាងមុខ ៕