ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អំពាវនាវដល់អតីតយុទ្ធជន ត្រូវចេះគោរពស្រឡាញ់គ្នាដូចបងប្អូនក្នុងមហាគ្រួសារតែមួយ ហើយប្តេជ្ញាការពារឲ្យបានគង់វង្ស នូវសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន
ខេត្តកណ្តាល៖មានប្រសាសន៍ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនអតីតយុទ្ធជនដែលបានអញ្ជើញមកពីក្រុង–ស្រុកចំនួន៤ ក្នុងខេត្តកណ្តាលរួមមាន ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ROTAនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងការកោតសរសើរ វាយតម្លៃខ្ពស់ និងការដឹងគុណ ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់ឆ្លងកាត់ជីវិតជាកងទ័ព ជាយុទ្ធជន ស្គាល់ច្បាស់ពីការលំបាក និងបានឆ្លងកាត់គ្រប់ឧបសគ្គនៅក្នុងសមរភូមិ តស៊ូប្តូរជីវិត ដើម្បីរំដោះប្រជាជន និងប្រទេសជាតិ រហូតដល់ប្រទេសជាតិមានសុខសន្តិភាព ។
ឯកឧត្តមបានបន្តថា៖ នៅក្រោមម្លប់នៃសុខសន្តិភាពពេញលេញ ដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រែក្លាយពីស្ថានភាព នៃការបំផ្លិចបំផ្លាញ ដោយសារវិនាសកម្មសង្គ្រាម មកជាមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយក៏កំពុងបន្តពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
ជាមួយគ្នានោះដែរឯកឧត្តម ក៏បានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ជួយគ្នាទៅវិញទៅមក ដូចបងប្អូនក្នុងមហាគ្រួសារតែមួយ ហើយប្តេជ្ញាការពារឲ្យបានគង់វង្ស នូវសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕