ពិធីសម្ពោធសមិទ្ធផលនានា នៅបរិវេណជើងភ្នំខ្លាកូនថ្មី ភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដែលផ្ដើមកសាងដោយឧកញ៉ា ហង្ស ស៊ីផា
ខេត្តបន្ទាយមានជ័យ៖សមិទ្ធផលនានាផ្ដើមកសាងឡើងដោយឧកញ៉ា ហង្ស ស៊ីផា រួមមានផ្លូវបេតុងប្រវែង ២,៥១១ ម៉ែត្រទទឹង ៧ ម៉ែត្រ ហើយចាក់បេតុងកម្រាស់ ១,៥តឹក ទទឹង ៦,៣តឹក អស់ថវិកាចំនួន ៤៣៩,៤២៥ ដុល្លារសហរដ្ឋអាមេរិច ដាក់ថ្មចិញ្ចើមឃាំងផ្លូវ ៥,០០០ដុំ អស់ថវិកាចំនួន ២៥,១១០ ដុល្លារ រូបសំណាក់បដិមាករ កម្ពស់១០ម៉ែត្រ ធ្វើជណ្ដើរឡើងភ្នំ ១០០កាំ រូបចម្លាក់ជាប់ជញ្ជាំងភ្នំ រូបដំរី ១គូរ អស់ថវិកាចំនួន ៣៥,០០០ ដុល្លារ ដាំដើមឈើ ៥០០ដើមអស់ថវិកា ២០,០០០ ដុល្លារ និងដាក់បង្គោលភ្លើងសូឡា ១០០ដើម អស់ថវិកាចំនួន ១២,០០០ដុល្លារ សរុបថវិកាចំណាយសាងសង់ទាំងអស់ចំនួន ៥៣១,៥៣៥ដុល្លារសហរដ្ឋអាមេរិច ត្រូវបានធ្វើពិធីបុណ្យឆ្លងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពសម្ដេច ព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះមេគណរាជធានីភ្នំពេញ សម្ដេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអគារធិការង នៃអគារធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងលោកជំទាវឧកញ៉ា ហេមចិន្តា អគ្គមហាឧបាសិកាពុទ្ធសាសរូបត្ថម្ភ បណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលពិធីសម្ពោធសមិទ្ធផលនានាខាងលើនេះ ស្ថិតនៅបរិវេណជើងភ្នំខ្លាកូនថ្មី ភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នាឱកាសនោះលោកឧកញ៉ា ហង្ស ស៊ីផា បានមានប្រសាសន៍ថា យើងទាំងអស់គ្នាបានរួមគ្នា កសាងសមិទ្ធផលនានារួមគ្នា ធ្វើពិធីបុណ្យឆ្លងមានទឹកចិត្តសប្បាយរីករាយនេះឱកាសនេះ គឺអាស្រ័យដោយប្រទេសជាតិយើងមាននូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកឧកញ៉ា ហង្ស ស៊ីផា ក៏បានសង្ឃឹមនិងជឿជាក់ថា សមិទ្ធផលទាំងអស់នេះនឹងបម្រើផលប្រយោជន៍សាធារណៈ ជាពិសេសកាត់បន្ថយការលំបាកដល់បងប្អូនប្រជាពលរដ្ឋយើងយ៉ាងច្រើន ហើយជាទីគោរពសក្ការៈបូជាចំពោះបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយនិងហាត់ប្រាណ។
ជាចុងបញ្ចប់គណៈអធិបតីបានបំពាក់ គ្រឿងឥស្សរិយយស មេដាយ ដល់សប្បុរសជន ប្រគល់ បូរមងារជូនដល់លោកឧកញ៉ា ហង្ស ស៊ីផា និងបានចែកជូនជាសារុងម្នាក់១ ដល់ប្រជាពលរដ្ឋចូលរួមប្រមាណ ១,០០០នាក់ផងដែរ ៕