មន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីអបអរសាទរទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធានបទស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី
ខេត្តបន្ទាយមានជ័យ៖ព្រៃឈើជារោងចក្រផលិតឧស្ម័នអុកស៊ីហ៊្សែនកាត់បន្ថយឧស្ម័នកាបូនិច សម្រាប់ទ្រទ្រង់ជីវិតមនុស្សសត្វ មានព្រៃឈើមានភ្លៀង មានកសិកម្ម មានសេដ្ឋកិច្ច ជីវភាពធូរធារ មានសុខភាពល្អប្រសើរក្នុងការរស់នៅ។លោក ប្រាក់ ប៉ូលី អភិបាលរង ខេត្តបន្ទាយមានជ័យបានថ្លែងបែបនេះក្នុងពិធីអបអរសាទរទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី ដែលរៀបចំឡើងដោយមន្ទីរបរិស្ថានខេត្ត បានប្រារព្ធធ្វើនៅបរិវេណសាលាវិទ្យាល័យជុបវារី ក្នុងស្រុកព្រះនេត្រព្រះ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។
លោក ឱម ចន្រ្តា អនុប្រធានមន្ទីរបរិស្ថានខេត្ត និងលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត បានមានប្រសាសន៍ថា កម្ពស់ការយល់ដឹងជាសាធារណៈអំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើការលើកកម្ពស់សុខភាពសាធារណៈកិច្ចគាំពារបរិស្ថានការអភិរក្សជីវៈចម្រុះការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពនិងការបំផុសចលនាប្រជាពលរដ្ឋព្រះសង្ឃកងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការគ្រប់ជាន់ថ្នាក់សិស្ស និស្សិតគ្រឹះស្ថានសិក្សា ពិសេសឯកជនសង្គមស៊ីវិដៃគូអភិវឌ្ឍន៍ឲ្យចូលរួម ស្មារតីនិងសម្ភារៈក្នុងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយធម្មជាតិ និងកែលម្អគុណភាពសោភណភាពទីក្រុងទីប្រជុំជនជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច។
លោកអភិបាលរងខេត្តបន្តថា ប្រទេសជាច្រើននៅលើពិភពលោកទទួលរងនូវ អន្តរាយយ៉ាងធ្ងន់ធ្ងរ ពីបាតុភូតនៃធម្មជាតិដូចជាខ្យល់ព្យុះ ទឹកជំនន់ភ្លើងឆេះព្រៃ បន្ទុះភ្នំភ្លើង រញ្ជួយដី ទុរភិក្ស អត់ឃ្លានជាដើមកត្តាទាំងនេះបានបណ្ដាលឲ្យមនុស្សរាប់លាននាក់បានបាត់បង់ជីវិត និងខ្វះទីជម្រករស់នៅ ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាក៏ធ្លាប់បានទទួលរងគ្រោះមហន្តរាយពីធម្មជាតិ ប៉ុន្តែមិនធ្ងន់ធ្ងរដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ ចំណែកខ្យល់ព្យុះក៏មានទទួលឥទ្ធិពលពីប្រទេសគេ តែប៉ុណ្ណោះគ្រោះមហន្តរាយពីបាតុភូតធម្មជាតិទាំងប៉ុន្មាន នៅលើសកលលោកសុទ្ធសឹងបណ្ដាលមកពីសកម្មភាពរបស់មនុស្សធ្វើឲ្យប៉ះពាល់ទៅលើបរិស្ថានធម្មជាតិ និងបរិស្ថានសង្គម វប្បធម៌ បច្ចុប្បន្នមានការប្រែប្រួលអាកាសធាតុ រហូតធ្វើឲ្យទឹកកកក្នុងទីវាលស៊ីបេរី រលាយជារៀងរាល់ថ្ងៃពិភពលោកមានការព្រួយបារម្ភចំពោះ គ្រោះមហន្តរាយដែលនឹងកើតមានឡើងនៅអនាគត៕