លោកជំទាវ ហ៊ុន ស៊ីណាត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញចុះសួសុខទុក្ខ យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ
(បន្ទាយមានជ័យ) ៖ លោកជំទាវ ហ៊ុន ស៊ីណាត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញចុះសួសុខទុក្ខ យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រហ្ម មរណៈ មេបញ្ជការរងកងទ័ពជើងគោក លោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ បានចូលរួមជិត៧០០នាក់។
តាំងនាមថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យលោកស្រី រស់ សុផានី ក៏បានថ្លែងអំណរគុណទៅដល់ប្រមុខរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែគិតគូរយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់បងប្អូនយោធិន។ ជាក់ស្តែងនាឱកាសនេះបងប្អូនគ្រួសារយោធិនជាង៦០០គ្រួសារ ទទួលបានអំណោយពីឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ដើម្បីបានដោះស្រាយជីវភាពប្រចាំថ្ងៃ។ ជាពិសេសនាពេលកន្លងទៅថ្មីៗកន្លងទៅ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានផ្ដល់នូវអណ្ដូងទឹកជូនបងប្អូននៅក្នុង មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ព្រមទាំងបានផ្តល់នូវសាលារៀនជូនសិស្សានុសិស្សបានរៀនសូត្រផងដែរ។
នាឱកាសនោះលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិសេសឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនចំពោះបងប្អូនយោធិន យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ ដោយក្ដីនឹករលឹក។
ទន្ទឹមជាមួយគ្នានោះលោកជំទាវ ក៏បានលើកឡើងពីវីរៈភាពដ៏អង់អាចក្លាហានរបស់បងប្អូនជាយោធិន ដែលបានលះបង់សព្វបែបយ៉ាង ក្នុងសមរភូមិ ដើម្បីការពារបុព្វហេតុជាតិមាតុភូមិ ខ្លះបានបាត់បង់ជីវិត ខ្លះពិការភាពជាដើម។ ជាមួយនឹងគុណបំណាច់ដ៏ធំធេង នេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន តែងតែគិតគូយកចិត្តទុកដាក់ទៅលើសុខទុក្ខបងប្អូនយោធិន តាមការលើកកម្ពស់ជីវភាព ផ្តល់ដីសម្រាប់បង្កបង្កើផល ផ្តល់លំនៅឋាន ដែលធ្វើឱ្យជីវភាពបងប្អូនយោធិនការកាន់តែមានភាពល្អប្រសើរ។ មួយវិញទៀតលោកជំទាវក៏បានអំពាវនាវដល់បងប្អូនទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំពីរខាងមុខនេះឱ្យបានទាំងអស់គ្នា។
ជាមួយគ្នានោះគ្រួសារយោធិនពិការ៣១៧តេជោភ្នំឆ័ត្រ ចំនួន៦៥០គ្រួសារ ក៏ទទួលបានអំណោយពីឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម មីមួយកេស ត្រីខ មួយយួរ គ្រឿងឧបភោគបរិភាគ មួយចំនួន រួមនឹងថវិកា៥ម៉ឺនរៀល។ ជាមួយគ្នានោះឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានជួយថវិកាមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ចំនួន៤លានរៀល លោកជំទាវ ហ៊ុន ស៊ី ណាត ក៏បានជួយថវិកា ២០០០ដុល្លារ បន្ថែម ៕