ពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយសជូនអតីតយុទ្ធជន ក្នុងក្រុងសេរីសោភ័ណ្ឌ
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយសជូនដល់អតីតយុទ្ធជន នៅក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២៣ នៅសាលាខេត្តបន្ទាយមានជ័យ ។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានលើកឡើងថា អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន កំពុងគ្រប់គ្រងមានចំនួន ៦,៤៤៨ នាក់។បានចូលរួមជាសមាជិកសមាគមអតីតយុទ្ធជនមានចំនួន ៥៤៦៦នាក់ និងអ្នកក្នុងបន្ទប់ ៨,៦៦នាក់ ក្នុងនោះមានៈ
– គ្រួសារជនពលី ចំនួន ៧៧៩ គ្រួសារ
– គ្រួសារជនមរណៈ ចំនួន ១៤០ គ្រួសារ
– និវត្តជន ចំនួន ២,៣៥៥នាក់។
– ជនបាត់បង់ ចំនួន ៤០នាក់
– ជនពិការ ចំនួន ២៥៥២នាក់ រាជរដ្ឋាភិបាលបានបន្ថែមរបស់សន្តិសុខសង្គម ៤កម្រិតផ្សេងៗគ្នា សម្រាប់អតីតយុទ្ធជន ដែលមានប្រាក់ខែទាបបំផុតចំនួន ៧៧.០០០ រៀលក្នុងមួយខែនិងបានឧបត្ថម្ភ ៥ម៉ឺនរៀល សម្រាប់បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ និងបានបន្ថែមថវិកាចំនួន២០ ម៉ឺនរៀលក្នុងមួយខែជូនដល់អ្នកបម្រើជនពិការ ប្រភេទ ក–១ មុនឆ្នាំ ២០១៥ ដោយគិតពីខែមករា ឆ្នាំ២០២៣ តមក។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលនេះផងដែរឯកឧត្តម កែ គឹមយ៉ាន បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា នៅតែបន្តការថែទាំដល់បងប្អូន អ៊ំពូមីងជាអតីតយុទ្ធជនឲ្យមានជីវភាពសមរម្យ។
ឯកឧត្តម កែ គឹមយ៉ាន ក៏បានសំដែងនូវការកោតសរសើរដោយស្មោះ ព្រមជាមួយនៅការដឹងគុណចំពោះនាយទាហាន ប៉ុលទាហាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចការពារជាតិមាតុភូមិនៃយើង។តាមរយៈសកម្មភាពអតីតយុទ្ធជនយុទ្ធមិត្តយើងបានអនុវត្តកន្លងមកបានបង្ហាញយ៉ាងច្បាស់ថា កងទ័ពគឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយដោះស្រាយទុកលំបាករបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ ចុងបញ្ចប់នៃកម្មវិធីគណៈអធិបតីក៏បានបំពាក់គ្រឿងឥស្សរយួសមេដៃជូនអតីតយុទ្ធជនក្រុងសិរីសោភ័ណ្ឌចំនួន ៨៨៨នាក់។ ដោយក្នុងនោះមានមេដៃអសរិទ្ធចំនួន ៩ មេដៃ ៧១៩ មេដៃ និងមេដៃមាស ១៦០ និងបានឧបត្ថម្ភថវិកាក្នុងម្នាក់ៗចំនួន ៥ ម៉ឺនរៀលផងដែរ៕