ប្រជាពលរដ្ឋ ១២គ្រួសារ ក្នុងស្រុកស្វាយចេក ដែលមានជីវភាពខ្វះខាត រងគ្រោះដោយខ្យល់កន្ត្រាក់ ទទួលបានអំណោយមនុស្សធម៍ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ដើម្បីបុព្វហេតុនៃសកម្មភាពមនុស្សធម៍ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ រងគ្រោះនិងងាយរងគ្រោះដែលបង្កឡើងដោយ គ្រោះធម្មជាតិក៏ដូចជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានផ្តល់នូវអំណោយមនុស្សធម៌ ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១២គ្រួសារនៅក្នុងស្រុកស្វាយចេក ដែលមានជីវភាពខ្វះខាត ក្រីក្រ ដែលទទួលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីពេលកន្លងទៅថ្មីៗ បណ្តាយឲ្យខូចខាតផ្ទះសំបែង ។ តែបច្ចុប្បន្នអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានធ្វើការជួសជុលជូនគាត់ឡើងវិញរួចហើយ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ចាប់តាំងពីដើមឆ្នាំ២០២៣កន្លងមករហូតមកដល់បច្ចុប្បន្ន នៅក្នុងខេត្តបន្ទាយមានជ័យ ទទួលរងនូវខ្យល់កន្ត្រាក់រងគ្រោះដល់ប្រជាពលរដ្ឋទូទាំងខេត្តប្រមាណជាង ១០០០គ្រួសារមកហើយ គ្រួសាររងគ្រោះស្រាលនិងគ្រួសារខ្លះទៀតរងគ្រោះធ្ងន់ធ្ងរ ហើយក៏សូមអរគុណចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទអាជ្ញាធរមូលដ្ឋានដែលតែងតែចុះជួយដល់ប្រជាពលរដ្ឋបានទាន់ពេលវេលា។
ឯកឧត្តមបានបន្តថា ការប្រែប្រួលអាកាសធាតុ និងការបាត់បង់ជីវៈចម្រុះដែលនាំឲ្យកម្ដៅផែនដីកើនឡើងរយៈពេលវែង ហើយពុំទៀងទាត់ដូចពីមុនទាំងទឹកជំនន់គ្រោះរាំងស្ងួត និងរលកកម្ដៅ ដូចនេះសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតពេលដែលមានភ្លៀង ខ្យល់់។អំណោយមនុស្សធម៌ដែល បានយកមកចែកជូននាពេលនេះក្នុង១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកស៊ីអ៊ីវ១យួរ មុង១ ក្រមា១ ភួយ១ សារុង១ទឹកសុទ្ធ១ យួរ និងថវិកាមួយចំនួន៕