អាវុធហត្ថចាប់ឃាត់ខ្លួនស្ត្រីម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីចេញមូលប្បទានប័តពុំមានសាច់ប្រាក់ឲ្យអ្នកដទៃ
(បន្ទាយមានជ័យ )៖ស្ត្រីម្នាក់ដែលជាប់ពាក់ព័ន្ធករណីចេញមូលប្បទានប័ត ពុំមានសាច់ប្រាក់ឲ្យអ្នកដទៃ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះ ងួន សេងហេង (ហៅរ៉ាដា) ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិពូលុង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ និងតាមដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម លេខ៖៦៥៣ អយ.ក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៣ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានប្រាប់ឱ្យដឹងថា កាលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះ ងួន សេងហេង (ជនរងគ្រោះ ) បានដាក់ពាក្យបណ្តឹងចោទប្រកាន់ទៅលើឈ្មោះ យូ ស្រីនី ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លើករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចខេត្តបន្ទាយមានជ័យ។ ក្រោយពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ការិយាល័យព្រហ្មទណ្ឌបានធ្វើការកោះហៅឈ្មោះ យូ ស្រីនី ឱ្យចូលមកបំភ្លឺអំពីដំណើររឿងហេតុនៅវេលាម៉ោង០៨និង៣០នាទី ថ្ងៃទី២៩ ខែឧសភា ដោយជនសង្ស័យឈ្មោះ យូ ស្រីនី បានចូលខ្លួនមកបំភ្លឺតាមការកោះហៅ និងបានឆ្លើយបំភ្លឺតាមដំណើររឿងហេតុដែលបានកើតឡើងឃើញមានពិរុទ្ធភាពនៃបទល្មើសខាងលើ ទើបកម្លាំងជំនាញមានចំណាត់ការតាមនីតិវិធី។
ក្រោយឃាត់ខ្លួន តាមដីកាសម្រេចឱ្យបើកការស៊ើបអង្កេតបឋម លេខ៖៦៥៣ អយ.ក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ របស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានចេញមូលប្បទានប័តពុំមានសាច់ប្រាក់ ឱ្យទៅដើមបណ្តឹងពិតប្រាកដមែន។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕