ឃាត់ខ្លួនជនជាតិថៃ ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចុះបង្ក្រាបករណីជួញដូរនិងចែកចាយគ្រឿងញៀន ដោយធ្វើការឃាត់ខ្លួនជនជាតិថៃ បានជាបន្តបន្ទាប់សរុបចំនួន៣នាក់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចទីតាំងផ្សេងៗគ្នា ក្នុងក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ជនជាតិថៃទាំង៣នាក់ដែលត្រូវកម្លាំងនគរបាលឃាត់ខ្លួនរួមមាន៖
១) ឈ្មោះ សូ ផាគីត ភេទប្រុស អាយុ៣២ឆ្នាំ ដកហូតគ្រឿងញៀនប្រភេទគ្រាប់២ប្រភេទមានចំនួន១០គ្រាប់ និងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន៧កូនថង់ ។
២) ឈ្មោះ អ៊ីត ធីផុន ភេទប្រុស អាយុ២៨ឆ្នាំ ដកហូតគ្រឿងញៀនម្ស៉ៅក្រាមសថ្លាចំនួន៦កូនថង់ ។
៣) ឈ្មោះ យ៉ុត តាផុន ភេទប្រុស អាយុ៣៦ឆ្នាំ ដកហូតគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន២ថង់តូច។ ជនសង្ស័យទាំង៣នាក់ស្នាក់នៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកអធិការបានបញ្ជាក់ថា៖ក្រោយឃាត់ជនជាតិថៃ៣នាក់ និងវត្ថុតាងគ្រឿង ត្រូវបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុង។ក្រោយពីសួរចម្លើយជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានជួញដូរនិងចែកចាយគ្រឿងញៀនពិតប្រាកដមែន រួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីចាត់ការតាមនិតិវិធី៕