ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកព្រៃកប្បាស
ខេត្តតាកែវ៖ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញា ខេត្តតាកែវ និងព្រះរាជអាជ្ញា ខេត្តព្រះសីហនុ នាវេលាម៉ោង ២៣និង៣០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនរបស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានពន្លាតដែនសមត្ថកិច្ច ដើម្បីមកសហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោកវសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
លទ្ធផលនៃការបង្ក្រាបកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់មានឈ្មោះទួន គីវ ភេទស្រី អាយុ ៣៣ ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ស្នាក់នៅ ភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។វត្ថុតាងដែលដកហូតបានរួមមាន៖
១– ម្សៅសថ្លាចំនួន ៣៣ កញ្ចប់ (ធំ០៨កញ្ចប់និងតូច២៥កញ្ចប់) ទម្ងន់: ៨១៥.៩៦ ក្រាមថ្លឹងទាំងសំបកថង់
២– ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១ គ្រឿង
៣– ទូរសព្ទ័ចំនួន ០២ គ្រឿង
៤– ដាវចំនួន ០១ ដើម
៥– និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកងរាជអាវុធហត្ថខេត្តតាកែវ បានប្រគល់ជូន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី៕ ដោយ ៖ លោក ផូង បញ្ញា