អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនក្មេងស្ទាវ ៣នាក់ទៅតុលាការ ពាក់ព័ន្ធករណីកាន់កាប់អាវុធ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់
(បន្ទាយមានជ័យ)៖ជនសង្ស័យចំនួន៣នាក់ ដែលជាប់ពាក់ព័ន្ធករណីកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង០០និង១០នាទី ឈានចូលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅចំណុចសួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខណៈដែលកំពុងចុះល្បាតការពារ និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ស្រាប់តែប្រទះឃើញក្មេងស្ទាវ១ក្រុមមានគ្នាចំនួន០៣នាក់ ប្រដាប់ដោយអាវុធ(ដាវកែច្នៃ០១ដើម) ក៏បានធ្វើការឃាត់ខ្លួន ហើយបញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឲ្យដឹងទៀថា ជនសង្ស័យទាំង០៣នាក់នោះរួមមាន៖
១/-ឈ្មោះ សុភាព រក្សា ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្ន ស្នាក់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
២/-ឈ្មោះ តែម ចាន់ភិគុណ ហៅ ពៅ ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
៣/-ឈ្មោះ វី សាវង់ ហៅ វ៉ាវ ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។ជនសង្ស័យទាំង០៣នាក់ ក្រោយពីកម្លាំងជំនាញសួរនាំរួចមក បានឆ្លើយសារភាពថា ពួកខ្លួនបាននាំគ្នាជិៈម៉ូតូចំនួន០២គ្រឿងមកហូបអីនៅសួនមានជ័យ ហើយនាំគ្នាអង្គុយលេងនៅក្នុងបរិវេណសួននោះតែម្ដង ចំពោះដាវកែច្នៃ០១ដើមនោះ ពួកខ្លួនដាក់មកដើម្បីការពារខ្លួនតែប៉ុណ្ណោះ ។
ដោយផ្អែកលើចម្លើយរបស់ជនសង្ស័យ និងមានវត្ថុតាងអាវុធ(ដាវកែច្នៃ) ព្រមទាំងតាមការធ្វើតេស្តរកសារធាតុញៀនឃើញមានវិជ្ជមានទាំង០៣នាក់ផងនោះ ទើបកម្លាំងជំនាញអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ជនសង្ស័យទាំង០៣នាក់ខាងលើនេះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជូនខ្លួនសាលាដំបូងខេត្តនៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធី៕