បញ្ជូនខ្លួនជនជាតិវៀតណាម ៣នាក់ ទៅកាន់តុលាការខេត្តស្វាយរៀង ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តស្វាយរៀង៖ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងមានការសម្របសម្រួលនីតិវិធីដោយលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកាស៊ីណូវីននឺស ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងកាលពីវេលាម៉ោង ១០និង០០នាទីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន០៣ នាក់ (ជនជាតិវៀតណាម)។
រាជអាវុធហត្ថបានឲ្យដឹងថា៖ជនសង្ស័យដែលកម្លាំងចាប់ឃាត់ខ្លួននោះរួមមាន៖
១.ឈ្មោះ វិន វ៉ាងញី ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបាវិតណ្តាល សង្កាត់បាវិត ក្រុងបាវិត។
២.ឈ្មោះ ហ៊្វាក ហាយ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅកាស៊ីណូវីននឺស ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ។
៣.ឈ្មោះ ហូ ជីហ្វា ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅកាស៊ីណូវីននឺស ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។វត្ថុតាងដែរដកហូតបានរួមមាន៖
១.ក្រាមពណ៌សថ្លា ចំនួន ១១ កញ្ចប់ មាន ទម្ងន់( ១០,៨៦)គិតទាំងសំបកវេចខ្ចប់
២.ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន ០១ កញ្ចប់ មាន ទម្ងន់( ១,៩០)គិតទាំងសំបកវេចខ្ចប់
៣.ម៉ូតូចំនួន ០១ គ្រឿង
៤.ទូរស័ព្ទដៃចំនួន ០៣ គ្រឿង
៥.លិខិតឆ្លងដែនចំនួន ០១
៦.អត្តសញ្ញាណប័ណ្ណចំនួន ០១ សន្លឹក
៧.សម្ភារវេចខ្ចប់ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនខ្លួនទៅតុលាការខេត្តស្វាយរៀងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីផ្ដន្ទាទោសតាមច្បាប់៕