អាជីវករនៅក្រុងប៉ោយប៉ែត លើកគ្នាទៅដាក់ពាក្យបណ្តឹងនៅអធិការនគរបាល និងសាលាក្រុង ក្រោយពីបែកធ្លាយម្ចាស់ហាងលក់មាស ពេជ្រ ថុង រស្មី (ហៅមនោរម្យ) បោកលុយរាប់លានដុល្លារត់គេចខ្លួនបាត់ស្រមោល
ខេត្តបន្ទាយមានជ័យ៖ក្រោយពីមានការបិតទ្វាហាងលក់មាស ពេជ្រ ថុង រស្មី (ហៅមនោរម្យ) ដែលមានឈ្មោះ ថុង រស្មី និងប្រពន្ធឈ្មោះ ហេង មួយលេង ដែលមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងមានការបែកធ្លាយរហូតមានការបង្ហោះជាសារធារណៈនៅតាមបណ្តាញសង្គមFacebookថា ម្ចាស់ហាងខាងលើបានបោកលុយរាប់លានដុល្លា រត់គេចខ្លួនបាត់នោះ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ក្រុមអាជីវករខ្មែរនៅផ្សាររោងក្លឿ ប្រទេសថៃ និងនៅក្រុងប៉ោយប៉ែត បានលើកគ្នាទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងបន្តសុំការអន្តរាគមពីសាលាក្រុងថែមទៀតផង។
ក្រុមអាជីវករបានប្រាប់ភ្នាក់ងារយើងឲ្យដឹងថា ការដែលពួកខ្លួនត្រូវបានម្ចាស់ហាងខាងលើបោកនោះ ក៏ព្រោះតែមានជំនឿចិត្តថា ហាងគេធំ លក់មាស ពេជ្រច្រើន រហូតហានដាក់ទន់រកស៊ី ដោយអ្នកមួយចំនួនផ្ញើលុយទុកឲ្យទិញទំនិញពីចិនឲ្យ បើទុករយះពេលមួយខែមិនបានទិញទំនិញទេនោះ ខាងម្ចាស់ហាងនឹងគិតការប្រាក់ឲ្យ បើទុកលុយត្រឹម២ទៅ៣ថ្ងៃមិនគិតការប្រាក់នោះឡើយ។អ្នកខ្លះទៀតដោយមើលឃើញពីការប្រាក់ខ្ពស់ក៏បានយកប្រាក់មកដាក់ រហូតមានអ្នកខ្លះលក់របស់រប ទ្រព្យសម្បត្តិ និងខ្លះទៀតទៅយកលុយពីអង្កការផ្សេងៗ យកមកដាក់ឲ្យម្ចាស់ហាងខាងលើ ដើម្បីបានការស៊ីប្រចាំខែ រហូតលុងខ្លួនក្នុងម្នាក់ៗអស់ចាប់ពី ៣ម៉ឺន ៥ម៉ឺន ១០ម៉ឺន ៣០ម៉ឺនដុល្លា និងខ្លះទៀតរហូតដល់ ១ លានដុល្លា ឯណ្ណោះ បើគិតជាទឹកប្រាក់សរុបដែលម្ចាស់ហាងបោកនោះចូល ១៥០ លានដុល្លាអាមេរិច។
ក្នុងដំណើរការលើកគ្នាសុំការអន្តរាគមពីអធិការនគរបាលក្រុង និងសាលាក្រុងនោះដែរ ជាលទ្ធផលលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុង បានចេញមកទទួលយកពាក្យបណ្តឹងពីបងប្អូនអាជីវក។ ដោយក្នុងនោះលោកបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងពីបងប្អូនអាជីវករជាបន្តបន្ទាប់ និងមានការយកចិត្តទុកដាក់ណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យផងនោះ លោកបានដាក់កម្លាំងចុះធ្វើការស៊ើបអង្គេត និងកសាងសុំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត រងចាំដេការពីតុលាការ ដើម្បីឈានដល់ការអនុវត្តតាមនិតិវិធីបន្តទៀត។លោកអធិការបញ្ជាក់ទៀតថា គិតមកដល់ថ្ងៃនេះអធិការនគរបាលក្រុង ទទួលបានពាក្យបណ្តឹងពីក្រុមអាជីវករបានជាបន្តបន្ទាប់សរុបចំនួន ៥០នាក់ ចំណែកមួយចំនួនទៀតក៏បានទៅប្តឹង មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងប្តឹងទៅដល់ស្នងការនគរបាលខេត្តដោយផ្ទាល់ទៀតផង។
បន្ទាប់ពីនេះក្រុមអាជីវករបានបន្តទៅសុំការអន្តរាគមពីសាលាក្រុងបន្ថែមទៀត ក្នុងគោលបំណងកុំឲ្យសាលាក្រុងចេញឯកសារណាមួយពាក់ព័ន្ធអចលនទ្រព្យម្ចាស់ហាងខាងលើដែលមានឈ្មោះ ថុង រស្មី និងប្រពន្ធឈ្មោះ ហេង មួយលេង ម្យ៉ាងវិញទៀតជៀសវាងទទួលបានសំណងបែងចែកណាមួយមិនស្មើភាពគ្នា ។ក្នុងនោះពួកគាត់បានស្នើសុំឲ្យសាលាក្រុង ជួយដោះស្រាយដោយឲ្យម្ចាស់ហាងចេញមុខមកទទួលខុសត្រូវ និងធ្វើកិច្ចសន្យា រួចបន្តការរកស៊ីធម្មតាវិញ ដើម្បីបានប្រាក់សងតាមដំណាក់ការទោះតិចក្តីច្រើនក្តី កុំព្យាយាមគេចវេស ។ទន្ទឹមនោះលោក សាន ស៊ានហូ ប្រធានក្រុមប្រឹក្សាក្រុង និងលោក គាត ហ៊ុល អភិបាលក្រុង បានទទួលយកនូវសំណើរខាងលើ និងព្យាយាមដោះស្រាយជូន ម្យ៉ាងវិញទៀតរាល់ឯកសារផ្សេងៗក៏មិនមានការផ្ទេរនោះដែរ ដោយសារមានពាក់បណ្តឹងទប់ស្កាត់ពីក្រុមអាជីវករជាមុន ទើបពួកគាត់រំសាយទៅផ្ទះវិញរៀងខ្លួន ៕