ជនជាតិចិន ស្រវឹងស្រា បើករថយន្តបុកជនជាតិថៃ បណ្តាលឲ្យរងរបួសធ្ងន់ រត់គេច ត្រូវសមត្ថកិច្ចតាមទាន់ឃាត់មិនចង់ឈ្នះ
ខេត្តបន្ទាយមានជ័យ៖ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយជនជាតិចិន ស្រវឹងស្រា បើករថយន្តបុកជនជាតិថៃ បណ្តាលឲ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនក៏ត្រូវបានសមត្ថកិច្ចតាមទាន់ឃាត់មិនចង់ឈ្នះ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១២និង១៥នាទី រំលងអាធាត្រ ឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ដែលតាមទាន់នៅចំណុចការ៉ាស់សាំង ខាងជើងផ្សារត្រី ស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលតាមទាន់រថយន្តម៉ាក Range rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-3455 ដែលបើកបរដោយជនជាតិចិន មានគ្នាពីរនាក់ស្រវឹងស្រា បានបើករថយន្តបុកបុរសម្នាក់ដែលជាជនជាតិថៃ កំពុងបើកម៉ូតូម៉ាកគ្រិចពណ៌ខ្មៅ គ្មានស្លាកលេខ បណ្តាលឲ្យបែកក្បាល របួសច្រើនកន្លែងយ៉ាងធ្ងន់ធ្ងរ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលបើកបុកជនជាតិថៃ រួចមក ជនជាតិចិនខាងលើនេះបានបើករថយន្តគេចខ្លួន ក៏ត្រូវប្រជាពលរដ្ឋដេញតាមតែមិនព្រមឈប់រហូតដល់រថយន្តខូចខ្លួនឯងទៅមុខមិនរួចទើបឈប់ចំងាយពីកន្លែងកើតហេតុប្រហែល២គីឡូម៉ែត្រ។ តែជនជាតិចិនស្រវឹងស្រា នៅពេលសមត្ថកិច្ចមកឃាត់ រឹងទទឹងមិនគោរពសមត្ថកិច្ច រករឿងសមត្ថកិច្ច ធ្វើឲ្យសមត្ថកិច្ចតឹងសសៃ រុញចូលរថយន្តបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។ ចំណែកជនរងគ្រោះ ត្រូវសមត្ថកិច្ចអន្តរាគមន៍បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ដើម្បីព្យាបាលជំងឺ ម៉ូតូនឹងរថយន្តត្រូវបានសមត្ថកិច្ចរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយ។
ប្រជាពលរដ្ឋសំណូមដល់សមត្ថកិច្ចជំនាញសូមពង្រឹងនៅការត្រួតពិនិត្យ បណ្ណបើកបរជនបរទេស ពិនិត្យជាតិអាកុល និងធ្វើការផាកវិន័យអោយបានធ្ងន់ធ្ងរ ដើម្បីឲ្យជនបរទេស បង្កើនការប្រុងប្រយ័ត្នក្នុងការបើកបរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕