លោក លី សារី អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឃុំសំរោង ស្រុកអូរជ្រៅ
(បន្ទាយមានជ័យ): ប័ណ្ណកម្មសិទ្ធិគឺមានផលប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋ គឺដើម្បីធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី។ លោក លី សារី អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាន៍បែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅក្នុងភូមិសំរោង ភូមិអ្នកតាឈរ ភូមិបន្លេច និងភូមិអញ្ចាញ ឃុំសំរោង ស្រុកអូរជ្រៅ ដោយមានការអញ្ជើញចូលរួមលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ និងលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំងទាំងបី និងប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ នៅបរិវេណវត្តសោភណារាមសំរោង ភូមិសំរោង ឃុំសំរោង ស្រុកអូរជ្រៅ។
លោក កែវ តារារស្មី និងលោក អាង ណារិទ្ធ បានមានប្រសាសន៍លើកឡើងថា៖ ថ្ងៃនេះគឺជាថ្ងៃមួយដ៏មានអត្ថន័យសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសំរោង ភូមិអ្នកតាឈរ ភូមិបន្លេច និងភូមិអញ្ចាញ ដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ សហការជាមួយអាជ្ញាធរមូលដ្ឋាន រៀបចំប្រារព្ធពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ហើយស្រុកអូរជ្រៅមានសរុបចំនួន ៧ឃុំ និង៥៦ភូមិ ហើយមន្ទីរបានចុះបញ្ជីចេញវិញ្ញាប័ណ្ណប័ត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ១៥ភូមិ ហើយកំពុងអនុវត្តចំនួន ៦ភូមិ(ត្រៀមចេញប័ណ្ណ ៣ភូមិ)។
លោក អាង ណារិទ្ធ បានបញ្ជាក់ថា៖ នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមាន៥ដំណាក់កាល៖
១.ត្រៀមរៀបចំ គឺជាការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាលការជូនដំណឹង កិច្ចប្រជុំផ្សព្វផ្សាយ និងដំណើរការផ្សព្វផ្សាយពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។
២.ប្រតិបត្តិការបច្ចេកទេសគឺជាការចុះកំណត់ព្រំ វាស់វែងនិងវិនិច្ឆ័យដើម្បីកសាងប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី។
៣.បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដីរយៈពេល ១៥ថ្ងៃ ដើម្បីឱ្យម្ចាស់ដី នឹងអ្នកដែលពាក់ព័ន្ធ ធ្វើការផ្ទៀងផ្ទាត់ឈ្មោះស្ថានភាពគ្រួសារ និងក្បាលដីរបស់ខ្លួន ព្រមទាំងធ្វើការតវ៉ាក្នុងករណីមានការខុសឆ្គង។
៤.សម្រេចលើឯកសារវិនិច្ឆ័យរបាយណ៍ពីលទ្ធផលនៃការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យរបស់គណៈកម្មធិការរដ្ឋបាលជូនអភិបាលខេត្តដើម្បីពិនិត្យនិងសម្រេចលើការផ្ដល់សិទ្ធិចំពោះក្បាលដីណាដែលមិនមានទំនាស់។៥.ចុះបញ្ជីចេញប័ណ្ណ និងចែកបានជូនម្ចាស់ដី។
ឆ្លៀតក្នុងឱកាសនោះដែរលោក លី សារី បានធ្វើការថ្លែងអំណរអរគុណដល់មន្រ្តីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តទាំងអស់ដែលខុសដែលបានខិតខំប្រឹងប្រែងអនុវត្តការងារក្នុងចុះមកវិញដីធ្លីជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានកាន់កាប់ដោយស្របច្បាប់។
លោក ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមសហការឲ្យបានល្អជាមួយមន្ត្រីចុះបញ្ជីដីធ្លីដើម្បីឲ្យការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅប្រកបដោយជោគជ័យ។សូមអោយកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានត្រូវអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុចឲ្យដូចភ្លៀងរលឹម ដើម្បីធានាបាននៅសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ និងសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់សូមបន្តចូលរួមគាំទ្រ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕