គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ០៩គ្រួសារក្នុងស្រុកស្វាយចេក ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ):លោក លី សារី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃសាខាកាកបាទក្រហមកម្ពុជាខេត្តតំណាងអោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយលោក លោកស្រីក្នុងគណៈកម្មាធិការសាខា នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ បាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅសួរសុខទុក្ខគ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន០៩គ្រួសារ ដែលក្នុងនោះមក២ភូមិ នៃឃុំតាផូ ក្នុងស្រុកស្វាយចេក ពិធីនេះបានធ្វើនៅក្នុងបរិវេណវត្តបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក។
ថ្លែងនៅក្នុងឱកាសនោះលោក លី សារី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលសម្តេចតែងតែយកចិត្តទុក្ខដាក់គិតគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ឧប្បទ្ទវហេតុផ្សេងមិនថាទីជិតក្តី ឫឆ្ងាយក្តី។
ក្នុងពេលជាមួយគ្នានេះលោក អនុប្រធានអចិន្ត្រៃសាខាកាកបាទក្រហមកម្ពុជាខេត្ត បានធ្វើការផ្តាំផ្ញើដល់បងប្អូនដែលមានវត្តមាននៅពេលនេះ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅពេលមានបាតុភ្លៀងធ្លាក់ផ្គររន្ទះ ត្រូវរកកន្លែងដែលមានសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
សម្រាប់សម្ភារៈអំណោយអំណោយដែលសាខានាំមកនៅថ្ងៃនេះក្នុង ១គ្រួសារទទួលបាន៖
១-អង្ករ ២៥គីឡូក្រាម
២- មីយ៉ាំយ៉ាំ១កេសតូច
៣-ត្រីខ១យួរ
៤-ទឹកត្រី១យួរ
៥-មុង១
៦- ភួយ១
៧-សារុង១
៨-ក្រមា១
៩-ថវិកា២ម៉ឺនរៀល៕