អាវុធហត្ថ បញ្ជូនក្មេងទំនើង៤នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន នៅក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនក្មេងទំនើងបានចំនួន០៤នាក់ រួមនឹងវត្ថុតាងមួយចំនួន កាលពីនៅវេលាម៉ោង២៣និង៤០នាទីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះសំណាក់ស្រែម្អម ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលកម្លាំងឃាត់ខ្លួនបាននោះរួមមាន៖
១–ឈ្មោះ លី ហាស្សីស (អាបាឌុល ហាស្សីស) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ បច្ចុប្បន្ន រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ (ប្រើប្រាស់)។
២–ឈ្មោះ ម៉ាង គ្រីស្តា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក (ប្រើប្រាស់)។
៣–ឈ្មោះ ផាក់ គ្រិស្ទាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្ន រស់នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក(ប្រើប្រាស់)។
៤–ឈ្មោះ យួន ស៊ីណែត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស បច្ចុប្បន្ន រស់នៅភូមិស្វាយខ្មៅ ឃុំពន្លៃ ស្រុកភ្នំស្រុក (ប្រើប្រាស់)។វត្ថុតាង ដែលចាប់បាន រួមមាន ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០២១ ពណ៌ខ្មៅ ស្លាកលេខ ឧត្តរមានជ័យ1E-3143, ទូរស័ព្ទចំនួន០៣គ្រឿង រួមនឹងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង សិរីសោភ័ណ បន្តថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីក្មេងទំនើងមួយក្រុមប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀន នៅចំណុចខាងលើភ្លាម លោកបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ នាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីចាត់ការតាមនីតិវិធី ។ បន្ទាប់ពីការឃាត់ខ្លួនកម្លាំងបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យទាំង០៤នាក់ខាងលើជាលទ្ធផល វិជ្ជមានទាំង០៤នាក់ ។ក្រោយឃាត់ខ្លួន និងសួរចម្លើយ ក្មេងទំនើង ទាំង៤នាក់បានសារភាពថា ពួកខ្លួនពិតជាបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាង ជាក់ស្តែងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុង បានបញ្ជូនក្មេងទំនើងទាំង៤នាក់ មកកាន់បញ្ជាដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ក្មេងទំនើងទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕