មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ អញ្ជើញជួបពិភាក្សា ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងថៃ នៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំមេបញ្ជាការ វរសេនាតូចថ្មើរជើងទាំំង៣ ដែលមានការពាក់ព័ន្ធ ជួបប្រជុំពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកងកម្លាំងភាគីថៃ ដែលឈរជើងទល់មុខភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ដឹកនាំដោយឧត្តមសេនីយ៍ត្រី ថេបភីតាក់ នីមីត មេបញ្ជាការ កងពលធំលេខ២ រក្សាព្រះអង្គ កងកម្លាំង បូព៌ា ស្ថិតនៅខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ។
ជំនួបរវាងកងកម្លាំងទាំងពីរកម្ពុជា–ថៃ បានចុះពិនិត្យមើលភូមិសាស្រ្ត តាមមាត់អូរបែងចែកព្រំដែន កម្ពុជា–ថៃ ក្នុងភូមិសាស្រ្តក្នុងប៉ោយប៉ែត និងបន្តយកចិត្តទុកដាក់សហប្រតិបត្តិការល្អ ទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងជួយគ្នាទៅវិញទៅមក ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការកសាងព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ភាគីទាំងពីរ បានបង្ហាញនូវឆន្ទៈក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាពឲ្យកាន់តែរឹងមាំ និងបន្តកិច្ចសហប្រតិបត្តិការឲ្យបានល្អ រក្សាបាននូវចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា។ជាពិសេសភាគីថៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កងកម្លាំងភាគីកម្ពុជា ដែលប្រឹងប្រែងជួយសង្គ្រោះប្រជាជនថៃ គ្រោះថ្នាក់ដោយសារផ្ទុះមីននៅក្នុងតំបន់ហាមឃាត់៕