ពិធីប្រកាសតែងតាំងព្រះចៅអធិការ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្ត ជ្រាប់ចាស់ ស្រុកព្រះនេត្រព្រះ
ខេត្តបន្ទាយមានជ័យ៖ព្រះឧត្ដមសិលញ្ញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ បាននិមន្តជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំង ព្រះគ្រូចៅអធិការវត្ត និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្ត សុវណ្ណ បព្វតាវនារាម ប្រាសាទជ្រាប់ចាស់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២២។
បើតាមសេចក្ដីសម្រេចតែងតាំងព្រះគ្រូចៅអធិការវត្តប្រាសាទជ្រាប់ចាស់ ព្រះនាមព្រះភិក្ខុ ធំ ឈាត ឲ្យឡើងជាព្រះគ្រូចៅអធិការពេញសិទ្ធិ ដើម្បីគ្រប់គ្រងដឹកនាំព្រះសង្ឃ អាចារ្យ គណៈគណៈកម្មការ និងដោះស្រាយរំម្ងាប់អធិករណ៍ សហការគ្រប់គ្រង ករុភ័ណសង្ឃ ដីធ្លី អប់រំសាសនិកជនឲ្យរៀនសូត្របដិបត្តិធម៌ វិន័យមានបីដកជាគោល។
លោកស្រី យិន គឹមយៀង អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្ត និងជាព្រះឧត្ដមសិលញ្ញាណ ធុល សុធា ព្រះមេគណខេត្តបានមានប្រសាសន៍ និងសង្ឃដីកាថា ការរីកចម្រើននៃវិស័យព្រះពុទ្ធសាសនានាបច្ចុប្បន្ននេះ គឺដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពឈ្លាសវៃ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវតែបានរក្សានៃសុខសន្តិភាព និងការអភិវឌ្ឍន៍ តាមការអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដើម្បីបង្ខិតសេវាសាធារណៈឲ្យនៅកៀកប្រជាពលរដ្ឋ ព្រមទាំងបានធ្វើឲ្យសេវាសាធារណៈកាន់តែមានគុណភាព តម្លាភាព ប្រសិទ្ធភាពខ្ពស់ ស្របតាមកម្មវិធីកំណែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។
ព្រះមេគណខេត្តមានសង្ឃដីកាបន្តថា ការប្រគល់ភារកិច្ចជាថ្នាក់ដឹកនាំនាថ្ងៃនេះ គឺដោយពិនិត្យមើលឃើញពីភាពចំណេះដឹង អត្តចរិក អាកប្បកិរិយា សុភាពរាបសារអាចធ្វើការដឹកនាំគ្រប់គ្រងវត្តអារាមទាំងមូល និងមានទំនុកចិត្ត ជំនឿពីបណ្ដាប្រជាពុទ្ធបរិស័ទជិតឆ្ងាយមានការគាំទ្រ ដើម្បីគ្រប់គ្រងទទួលខុសត្រូវ នូវបញ្ហាទាំងឡាយទាំងពួងដែលកើតមានឡើង ហើយការដឹកនាំគឺប្រកបដោយសមធម៌ ប្រសិទ្ធភាព នឹងត្រូវប្រកាន់យកព្រះពុទ្ធឱវាទ ដែលមានព្រះត្រៃបិដក និងគម្ពីរវិន័យសាសនាជាគោល ធ្វើជាប្រទីបបំភ្លឺផ្លូវ សម្រាប់អប់រំចរិយាធម៌ ជម្រះចោលនូវគំនុំ ការច្រណែននិន្ទាឈ្នានីស ប្រកបដោយអហិង្សា។ចុងក្រោយគណៈអធិបតីក៏បាននិមន្តនិងអញ្ជើញ ស្រោចស្រពសុគន្ធាវារី ប្រគេនព្រះភិក្ខុ ធំ ឈាត ជាកិច្ចបញ្ចប់នៃពិធី៕