អាវុធហត្ថ បញ្ជូនជនសង្ស័យ ម្នាក់ ទៅសាលាដំបូងខេត្តខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន
(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយចេក ដឹកនាំដោយលោកវរសេនីយ៍ទោ ជ័យ សុកា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច មានស្ថានទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៨និង៤០នាទីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិស្លែងថ្មី ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ការឃាត់ខ្លួនជនសង្ស័យនេះបានធ្វើឡើងក្រោយពីទទួលបានពាក្យបណ្ដឹងពីឈ្មោះ អាង ចាន់ណាក់ ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្លែងថ្មី ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ជ័យ សុកា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ខេង ចាន់ដារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិតាស្មន់ ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ វត្ថុតាងចាប់បានរួមមាន ៖
១.កាំបិតខ្វែវគ្មានដង ប្រវែង៤៣ សង់ទីម៉ែត្រ ចំនួន០១ដើម។
២.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ព្រីងទុំ ផលិតឆ្នាំ១៩៩៧ គ្មានផ្លាកលេខ ចំនួន០១គ្រឿង។
៣.ទូរស័ព្ទដៃម៉ាកVIVO Y12 ពណ៌ទឹកសមុទ្រ ចំនួន០១គ្រឿង។
លោកវរសេនីយ៍ទោ ជ័យ សុកា បានបន្តថា តាមការរៀបរាប់របស់ដើមបណ្តឹងឱ្យដឹងថា ជនសង្ស័យបានដើរចូលទៅក្នុងផ្ទះរបស់គាត់ ដោយមានកាន់កាំបិតខ្វែវគ្មានដងជាប់នឹងដៃ ធ្វើសកម្មភាពសម្លុតគំរាមគាត់ឱ្យប្រគល់ទូរស័ព្ទមកឱ្យខ្លួន និងទាមទារលុយបន្ថែមទៀត ដោយមានការភ័យខ្លាច គាត់បានរត់ចេញមកក្រៅផ្ទះ ដើម្បីស្រែកឱ្យគេជួយ ពេលនោះជនសង្ស័យ ក៏បានលួចយកម៉ូតូ ដែលមានកូនសោជាប់នឹងម៉ូតូស្រាប់ ជិះគេចខ្លួនចេញមកក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ទោបន្តថា ក្រោយពេលកើតហេតុរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក រួមនឹងកម្លាំងអធិការស្រុកស្វាយចេក និងបានចុះដល់កន្លែងកើតហេតុ បានចាប់យកវត្ថុតាង កាំបិត និងស្បែកជើង របស់ជនសង្ស័យដែលបន្សល់ទុកនៅកន្លែងកើតហេតុ។ បន្ទាប់មកកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានសហការណ៍ស្រាវជ្រាវជាមួយកម្លាំង កងរាជអាវុធហត្ថខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ រហូតដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានធ្វើការឃាត់ខ្លួន ជនសង្ស័យខាងលើ នៅចំណុច ផ្លូវជាតិ៦៧B ស្ថិតនៅភូមិថ្មី ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ព្រមទាំងចាប់យកនូវវត្ថុតាងដែលប្រព្រឹត្តបទល្មើស ហើយបញ្ជូនមកកាន់កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។
លោកវរសេនីយ៍ឯក មែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមសនជ័យបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅសៀល ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី ។ ចំណែវត្ថុតាងកម្លាំងកងរាជអាវុធហត្ថខេត្ត បានប្រគល់ជូនម្ចាស់ដើមវិញហើយ៕