ម្តេចតេជោ ហ៊ុន សែន ៖ នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានកំពុងធ្វើការទាក់ទងដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋ
ខេត្តកណ្ដាល៖បេសកកម្មជំនួបជាមួយកម្មករនិយោជិត ក្នុងគោលបំណង ពិនិត្យមើលចាប់តាំងពីបញ្ហាតូចរហូតដល់បញ្ហាធំ ដើម្បីដោះស្រាយជូនដល់កម្មករ កម្មការិនី ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះគោលនយោបាយ និងក្របខណ្ឌគតិយុត្តិដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងទៅ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បែបនេះ ក្នុងឱកាសដែលសម្តេច អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៦,២៧២នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នេះ ។
ជាមួយគ្នានោះដែរសម្តេចតេជោបានបញ្ជាក់ថា គ្រប់រោងចក្រសហគ្រាសទាំងអស់ដែលមានជនមានពិការភាព ត្រូវអនុញ្ញាតឱ្យចេញមុនម៉ោងរយៈពេល១៥នាទីដូចស្រ្ដីមានផ្ទៃពោះដែរ។សម្តេចតេជោ ហ៊ុន សែន នៅតែបន្តបញ្ជាក់ពីតម្លៃនៃសន្ដិភាព ដែលសន្តិភាពនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសទាំងអស់នៅលើសកលលោក ខណៈដែលប្រទេសមួយចំនួនមិនមានសន្តិភាព គឺមានសង្គ្រាមហែកហួរគ្នា គឺធ្វើឲ្យបាត់បង់អ្វីៗទាំងអស់ ជាពិសេសបាត់បង់ការងារ បាត់បង់ប្រាក់ចំណូល ធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះជាបន្តបន្ទាប់ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យបានគង់វង្ស។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានកំពុងធ្វើការទាក់ទងដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋ។ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានបន្តណែនាំឱ្យមានការ យកចិត្តទុកដាក់ក្នុងការអនុវត្តការដោះស្រាយបញ្ហានានា ដើម្បីផលប្រយោជន៍របស់កម្មករ កម្មការិនី នៅនឹងមូលដ្ឋាន ដោយមិនត្រូវរង់ចាំតែក្រសួងការងារ ឬក្រសួងពាក់ព័ន្ធនៅ ថ្នាក់ជាតិនោះឡើយ៕