ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធាន មូលនីធិចាស់ជរា និងជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារមូលនីធិ និងយុវជន សសយក នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយលោកយាយ លោកតាចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីមូលនិធិ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកយាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាល សម្តេចទាំងទ្វេរ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងប្រទេស ។
លោកជំទាវបណ្ឌិតប្រធានមូលនីធិ បានមានប្រសាសន៍លើកឡើងថា៖ រាជដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេច តេជោ សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៏រីកចម្រើន លើគ្រប់វិស័យជាពិសេសហេដ្ឋា រចនាសម្ព័នរូបវ័ន្ននានា រួមមាន៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ប្រព័ន្ធធារាសាស្ត្រ ព្រមទាំងបាន យកចិត្ត ទុកដាក់គិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនបណ្តោយអោយពលរដ្ឋណាម្នាក់ ស្លាប់ អត់បាយ ដោយមិនបានដឹង និងមិនបានដោះស្រាយននោះឡើយ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា៖ មូលនិធិចាស់ជរានេះ បានបង្កើតឡើងក្នុង គោល បំណង និងទិសដៅ ជួយដល់លោកយាយ លោកតាចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី ៧០ឆ្នាំ ឡើងទៅដែលពុំមានលទ្ធភាព អាចចេញទៅប្រកបមុខរបរ ដើម្បីចិញ្ចឹមជីវិតបាន ក៍ដូចជាការជួយលើកកំពស់ កម្រិតជីវភាព និងបំប៉នថែរទាំសុខភាព លោកយាយ លោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំប្រៀនប្រដៅ ដល់កូនចៅជំនាន់ក្រោយៗ ឲ្យប្រព្រឹត្តិតែអំពើល្អ ។
លោកយាយ លោកតា ដែលបានទទួលប្រាក់ឧបត្ថម្ភប្រចាំខែពីមូលនិធិចាស់ជរា បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានមូលនិធិចាស់ជរា តែងតែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ បានធូរស្រាលមួយកម្រឹតធំ ។
សូមបញ្ជាក់ថា៖ មូលនិធិចាស់ជរា ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ បានបើកផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែមីនា ឆ្នាំ២០២៥ ដល់លោកយាយ លោកតា ចាស់ជរាចំនួន ៧៩នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល រួមជាមួយអង្ករ ២៥គីឡូក្រាមផងដែរ៕