លោក លី សារី អញ្ជើញចុះសួរសុខទុក្ខ និងផ្ដល់ថវិកាមួយចំនួនជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ទុកសម្រាប់ជួសជុលផ្ទះ នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី
(បន្ទាយមានជ័យ) ៖ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ១គ្រួសារ កាលរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលស្រុកមង្គលបូរី អមដំណើរដោយលោក លោកស្រី អាជ្ញាធរភូមិ ឃុំ និងក្រុមយុវជនឃុំ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ជូនសារុង និងថវិការមួយចំនួន ជូនដល់គ្រួសារដែររងផលប៉ះពាល់ ទុកសម្រាប់ប្រើប្រាស់ និងជួសជុលផ្ទះឡើងវិញនៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។
ថ្លែងក្នុងការចុះសួរសុខទុក្ខនោះលោក លី សារី បានមានប្រសាសន៍លើកឡើងថា៖ ដោយទទួលបានព័ត៌មានពីអាជ្ញាធរមូលដ្ឋាន ភ្លាមអំពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ លោកនិងក្រុមការងារបានចុះសួរសុខទុក្ខ និងផ្តល់ជូនសារុង និងថវិការមួយចំនួន ជូនដល់គ្រួសារដែររងផលប៉ះពាល់ ទុកសម្រាប់ប្រើប្រាស់ និងជួសជុលផ្ទះឡើងវិញភ្លាមៗដោយមិនទុកបង្អង់យូរនោះទេ។
ក្នុងនោះលោក ក៏បានធ្វើការជំរុញដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុក្ខដាក់ពីសុខទុក្ខរបស់ពួកគាត់ជាប់ជាប្រចាំឲ្យដូចភ្លៀងរលឹម ដល់តាមខ្នងផ្ទះដើម្បីដឹងអំពីស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានឹងការចុះសួរសុខទុក្ខនោះលោក លី សារី បានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ពេលមានភ្លៀង ផ្គរ រន្ទះ ឬខ្យល់កន្រ្តាក់ សូមរកកន្លែងសុវត្ថិភាពការពារខ្លួនឲ្យបានគ្រប់ៗគ្នា ជៀសវាងមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕