លោកឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ លើកទី២៩
ខេត្តសៀមរាប៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា–ថៃ បានដឹកនាំគណៈប្រតិភូ ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួមជាមួយមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្តទាំងពី ចូលរួមប្រជុំ ជាមួយភាគីថៃ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី និធិ អ៊ិងខាក់សុវណ្ណ នាយសេនាធិការ កងទ័ពភូមិភាគទី១ (ថៃ) ជាសហប្រធាន នៃអង្គប្រជុំរួម ។
កិច្ចប្រជុំនេះ ដើម្បីពិភាក្សា កែសម្រួល ឲ្យមានការឯកភាពគ្នា លើខ្លឹមសារកំណត់ហេតុរួម និងរំលឹកឡើងវិញនូវភាពរីកចម្រើន នៃការអភិវឌ្ឍលើវិស័យផ្សេងៗ ពាក់ព័ន្ធទៅ នឹងសម្ព័ន្ធភាពកងទ័ព ស្ថាប័នស៊ីវិល និងសន្តិសុខនៅតាមព្រំដែនកម្ពុជា–ថៃ រវាងយោធភូមិភាគទី៥ កម្ពុជា នឹងកងទ័ពភូមិភាគទី១ថៃ សម្រាប់ដាក់ជូនប្រធានគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា–ថៃ.លើកទី២៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់១៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីសម្រេច ក្រោមអធិបតីភាព នៃសហប្រធានកម្ពុជា–ថៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ កម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ផាក់ណា ខ្លេវប្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ ថៃ នៅសណ្ឋាគារ អង្គរម៉ារីខល ក្រុងសៀមរាប ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា៕