គ្រឿងញៀនជាង ៣១គីឡូក្រាម ត្រូវកម្លាំងអាវុធហត្ថខេត្តបាត់ដំបងបង្ក្រាបបាន
ខេត្តបាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង១៣ និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក រ៉ុង ប៉ុក មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស លោកវរសេនីយ៍ទោ ជា តារា នាយសេនាធិការស្ដីទី និងលោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងបានចុះបង្រ្កាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ថោង សូស៊ីវិន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងម៉ូតូ ទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ក្នុងប្រតិបត្តិការណ៍បង្ក្រាបនេះកម្លាំងបានចាប់យកវត្ថុតាង គ្រឿងញៀនម៉ាទឹកកក ចំនួន ០៦កញ្ចប់ ទម្ងន់ ១៣៣៨,៨៤ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង, ម៉ូតូ ០១ គ្រឿង, ទូរស័ព្ទដៃ០២គ្រឿង, ប្រាក់១,២០០បាត, ប្រាក់១០០ដុល្លារ, ប្រាក់៤,០០០,០០០រៀល, អត្តសញ្ញាណប័ណ្ណ ០១សន្លឹក, ផ្លាកលេខម៉ូតូ ចំនួន ០២ សន្លឹក។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនមានគ្រឿងញៀនមួយចំនួនទៀតលាក់ទុកនៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង។លុះវេលាម៉ោង១៩និង៣០នាទី ថ្ងៃខែឆ្នាំដដែលកម្លាំងបានចុះទៅដល់បន្ទប់ជួល ចំណុចខាងលើ ហើយធ្វើការឆែកឆេរ រកឃើញគ្រឿងញៀនម៉ាទឹកកកចំនួន ៤១ កញ្ចប់ ទម្ងន់ ៣០៣៧៤,៥ក្រាម, កាបូបយួរដៃចំនួន០២, ការ៉ុងចំនួន០២ ។
សរុបដកហូតវត្ថុតាងរួមមានគ្រឿងញៀនម៉ាទឹកកក ចំនួន៤៧កញ្ចប់ ទម្ងន់ ៣១៧១៣,៣៤ក្រាម, ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង, ម៉ូតូ ០១ គ្រឿង, ទូរស័ព្ទដៃ០២គ្រឿង, ប្រាក់១២០០បាត, ប្រាក់១០០ដុល្លារ, ប្រាក់៤,០០០,០០០រៀល, អត្តសញ្ញាណប័ណ្ណ ០១សន្លឹក, ផ្លាកលេខម៉ូតូ ចំនួន ០២ សន្លឹក, ថង់តែច្រកគ្រឿងញៀន០១ ថង់, កាបូបយួរដៃចំនួន០២ និងការ៉ុងចំនួន០២។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងន្ត្រីជំនាញកំពុងចាត់ការតាមនីតិវិធី ៕