កំពង់ផែថ្មី លើទឹកដីកោះកុង បានបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងចលនាលើកកម្ពស់ការតភ្ជាប់ និងភាពសម្បូរបែប នៃការដឹកជញ្ចូនតាមផ្លូវសមុទ្រ
ខេត្តកោះកុង៖ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការចូលរួមពីសំណក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រី មន្ត្រីពាក់ព័ន្ធ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាច្រើនរូប។
កំពង់ផែដងទង់ ដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ ជាកំពង់ផែទេសចរណ៍ និងទំនិញរាយ ស្ថិតនៅតាមបណ្តោយផ្លូវក្រុងលេខ៩០០ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ កំពង់ផែនេះ គឺជាស្ថាបត្យកម្មថ្មីមួយដែលកើតចេញពីស្នាដៃកូនខ្មែរពិតៗ ដោយមានរចនាបទបែបទំនើប សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដែលធានានូវការប្រើប្រាស់យូរអង្វែង និងសាងសង់ដោយថវិកាជាតិសរុបប្រមាណ ១២.៨៩៧.០០០.០០០រៀល (ដប់ពីរពាន់លាន ប្រាំបីរយកៅសិបប្រាំពីរលានរៀលគត់)។
គម្រោងសាងសង់ត្រូវបានចែកចេញជា២ជំហាន សរុបកំពង់ផែមានបណ្តោយប្រវែង ១១៥ម៉ែត្រ ទទឹងប្រវែង ១៦,៥០ម៉ែត្រ និងមានជម្រៅទឹកពី ៤ម៉ែត្រ ទៅ ៨ម៉ែត្រ ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់២០០០តោន អាចចូលចតបាន។ ក្រៅពីសំណង់កំពង់ផែបេតុង គម្រោងដែលប្រើប្រាស់ថវិកាជាតិជិត ១៣ពាន់លានរៀលនេះ ក៏មានបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន៖ ស្ពានបេតុងភ្ជាប់ទៅផែ ផ្លូវបេតុងចេញចូលផែ អគារអ្នកដំណើររង់ចាំ អគាររដ្ឋបាល បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ របង និងខ្លោងទ្វារ ជាដើម។
កំពង់ផែទេសចរណ៍ និងទំនិញរាយ ដងទង់ ជាចំណែកមួយក្នុងការតភ្ជាប់ និងភាពសម្បូរបែបនៃ ហេដ្ឋរចនាសម្ព័ន្ធផ្លូវសមុទ្រ នៅក្នុងខេត្តតំបន់ឆ្នេរទាំង៤ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន នៅក្នុងប្រទេសជាប់សមុទ្រទាំងបី នៃមហាអនុតំបន់មេគង្គ រួមមាន កម្ពុជា ថៃ និងវៀតណាម។ ការកសាងហេដ្ឋរចនាសម្ព័ន្ធកំពង់ផែនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលការដឹកជញ្ជូនទំនិញ អ្នកដំណើរ អ្នកទេសចរណ៍ នៅតាមតំបន់ឆ្នេរសមុទ្រ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព។
បន្ថែមពីលើកំពង់ផែ ដែលបើកឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ខេត្តកោះកុង នឹងទទួលបានសមិទ្ធផលធំៗជាចំណងដៃ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នោះគឺ ផ្លូវជាតិលេខ៤៨ មានប្រវែង ១៤៨ គីឡូម៉ែត្រ តភ្ជាប់ក្រុងខេមរភូមិន្ទ ទៅកាន់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ១០ មានប្រវែងជាង ១៩៨ គីឡូម៉ែត្រ តភ្ជាប់ខេត្តកោះកុង ទៅកាន់ខេត្តពោធិសាត់ និង បន្តដល់ខេត្តបាត់ដំបង។
ក្នុងសុន្ទរកថាសំណេះសំណាល ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបដល់គណៈអធិបតី សមាជិក សមាជិកា នៃអង្គពិធី និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមអំពីគម្រោងធំៗជាច្រើន ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងអនុវត្ត ក៏ដូចជាគ្រោងនឹងសិក្សា ក្នុងនោះបានរំលេចជាពិសេសអំពី គម្រោងលើកកម្រិតផ្លូវជាតិ ផ្លូវខេត្ត គម្រោងផ្លូវល្បឿនលឿន រថភ្លើងល្បឿនលឿន រថភ្លើងក្រោមដី និងលើអាកាស នៅរាជធានីភ្នំពេញ និងគម្រោងកំពង់ផែនានា ដែលទាំងអស់នេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ និងលើកកម្ពស់ការតភ្ជាប់អន្តរវិស័យ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសិទ្ធិក្នុងការបោះឆ្នោះ សូមកុំភ្លេចចូលរួមបោះឆ្នោតទាំងអស់គ្នា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព និងដើម្បីបន្តស្តារ លើកកម្ពស់ ការអភិវឌ្ឍកម្រិតជីវភាព របស់បងប្អូនឱ្យកាន់តែប្រសើរឡើង និងមានភាពទំនើបជឿនលឿនជាងនេះបន្ថែមទៀត៕ ដោយ : លោក ផូង បញ្ញា