ព័ត៌មានជាតិ

ពិធីសម្ពោធអគារសិក្សា ២ខ្នង ១២បន្ទប់ នៅសាលាអនុវិទ្យាល័យរហាត់ទឹក ស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ:ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ នាចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអាគារសិក្សា ២ខ្នង ១២បន្ទប់ ក្នុងសាលាអនុវិទ្យាល័យរហាត់ទឹក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យនិងបានជួបសំណេះសំណាល សាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសមាគមមនុស្សចាស់សរុបប្រមាណជាង ១,៥០០នាក់។

លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គរបូរីបានបញ្ជាក់ថា ដោយមើលឃើញអំពីតម្រូវការរបស់សាលាមានភាពចាស់ទ្រុឌទ្រោមនោះ ក្នុងឆ្នាំ២០២២ កន្លងមកឯកឧត្តម កែ គឹមយ៉ាន បានសម្រេចផ្ដល់ជូនសាលារៀនថ្មីសាងអំពីថ្ម ប្រក់ក្បឿងចំនួន ២ ខ្នងស្មើ ១២ បន្ទប់ និងក្លោងទ្វារនៃសាលាអនុវិទ្យាល័យរហាត់ទឹក តាមរយៈឯកឧត្តម គោ សុំសារឿត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងតាមរយៈឯកឧត្តម កែ សួនសុភា ប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ ដែលអាគារទាំង ២ ខ្នងនេះចាប់ផ្ដើមកសាងដើមខែមិថុនាឆ្នាំ ២០២២ ហើយអនុវត្តរួចរាល់ជាស្ថាពរនៅដើមឆ្នាំ ២០២៣នេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍ថា សាលារៀនជាអំណោយដ៏ថ្លៃថ្លានេះ ពិតជាបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យអប់រំ ការអភិវឌ្ឍន៍ធនធានមនុស្ស ពិសេសឆ្លើយតបទៅនិងតម្រូវការរបស់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មាតាបិតា បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់នេះ។

ឯកឧត្តម កែ គឹមយ៉ាន បានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសរាជរដ្ឋាភិបាលការពារលើកស្ទួយផលប្រយោជន៍របស់ប្រជាជនដូចជា ការលើកកម្ពស់ការផ្ដល់សេវាថែទាំសុខភាព ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ជូនប្រជាជន។

ចុងបញ្ចប់គណៈអធិបតី ក៏បានធ្វើការបំពាក់គ្រឿង ឥស្សរិយយសដល់អស់លោកលោកស្រី ផ្ដល់អំណោយជូនដល់សមាគមនុស្សចាស់ ផ្ដល់អំណោយវត្ថុអនុស្សាវរីយ៍ដល់ប្រជាពលរដ្ឋចូលរួម និងកាត់ខ្សែបូរព្រមទាំងចុះហត្ថលេខាលើសៀវភៅក្រាំងមាស៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button