សម្តេចតេជោ ផ្ដាំផ្ញើទៅអ្នកលេងហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្ដិសុខជាតិ មកបង្ហោះលេងលើហ្វេសប៊ុក
ខេត្តកណ្ដាល៖ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល
នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឧបត្ថម្ភដល់មន្រ្ដីរាជការ មន្រ្ដីកម្មសិក្សា និងជាប់កិច្ចសន្យាទាំងអស់ ឱ្យទទួលបានអត្ថប្រយោជន៍ការឧបត្ថម្ភ លើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ រហូតដល់កុមារអាយុក្រោម២ឆ្នាំដូចកម្មការិនីរោងចក្រដែរ។ រីឯស្រ្ដីដែលជាកងទ័ពសម្ដេចតេជោ ក៏ប្រកាសឧបត្ថម្ភផងដែរ ប៉ុន្ដែចំណុចនេះសម្ដេចត្រូវពិភាក្សាបន្ថែមនាពេលខាងមុខនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា អ្វីដែលសម្ដេចចង់បានបំផុត គឺធ្វើយ៉ាងម៉េចឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ដោយការអនុវត្តបែបនេះបាន គឺត្រូវធ្វើយ៉ាងម៉េចកុំឱ្យក្នុងរោងចក្រមានហិង្សា កុំឱ្យមានការចែកចាយគ្រឿងញៀន ហើយបើមានបញ្ហាអ្វីត្រូវពន្លឿនក្នុងការដោះស្រាយបញ្ហាផ្សេងៗទៀតជាមួយកម្មករ។ ជាថ្មីម្ដងទៀត សម្តេចតេជោបានមានប្រសាសន៍ ចំពោះការផ្ទុះឡើងវិញនូវជំងឺអេដស៍នៅកម្ពុជានាពេលបច្ចុប្បន្ន ដោយសម្តេចសូមធ្វើការអំពាវនាវដល់អ្នកស្រលាញ់ភេទដូចគ្នាមានការប្រុងប្រយ័ត្នបន្ថែម ខណៈការផ្ទុះជំងឺអេដស៍ឡើងវិញនេះគឺកើតចេញពីបុរសស្រលាញ់បុរសដូចគ្នា។
ទាក់ទងទៅនឹងបញ្ហាសន្តិសុខសង្គម សម្តេចតេជោផ្ដាំផ្ញើទៅអ្នកលេងហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្ដិសុខជាតិមកបង្ហោះលេងលើហ្វេសប៊ុក។ ការបញ្ជាក់របស់សម្ដេចបែបនេះ បន្ទាប់ពីមានអ្នកលេងហ្វេសប៊ុកមួយចំនួនបានយកករណីយន្តហោះគ្មានមនុស្សបើកចូលឈ្លានពានដែនដីកម្ពុជានេះ មកភ្ជាប់ជាមួយរូបភាពយន្តហោះពាណិជ្ជកម្មនៅលើបណ្ដាញសង្គម ដែលជាព័ត៌មានក្លែងក្លាយ។
នៅថ្ងៃនេះផងដែរ សម្តេចតេជោ ហ៊ុន សែន ប្រកាសយកបណ្ដាញតេឡេក្រាម (telegram) ជាបណ្ដាញផ្សព្វផ្សាយផ្លូវការចំបងលើការផ្សាយចេញនូវព័ត៌មាន រាប់ទាំងការផ្សាយផ្ទាល់ផងដែរ ខណៈពេលនេះមានពលរដ្ឋចូលចិត្ត និងចូលគាំទ្រជាង ៨៥ ម៉ឺននាក់បានភ្ជាប់ចូលរួចហើយ។ ការប្រកាសរបស់សម្ដេចតេជោ បែបនេះបន្ទាប់ពីសម្ដេចពិនិត្យឃើញថាការប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គម telegram មានប្រសិទ្ធភាពខ្ពស់ជាងប្រៀបធៀបជាមួយ Facebook។
នៅថ្ងៃនេះ សម្តេចតេជោបានជម្រាបជូនចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ថា បន្ទាប់ពីមានបទពិសោធន៍ពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានកសាងមន្ទីរពេទ្យមួយដែលមានសមត្ថភាពទទួលអ្នកជំងឺរហូតដល់១ម៉ឺនគ្រែ សម្រាប់១ម៉ឺននាក់ គឺមន្ទីរពេទ្យ «តេជោសន្ដិភាព» ដែលនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។សម្តេចតេជោក៏បានប្រកាសអញ្ជើញកម្មករ-កម្មការិនីទៅទទួលពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យថ្មីដែលរាជរដ្ឋាភិបាលទើបសាងសង់រួច គឺ «មន្ទីរពេទ្យតេជោសន្ដិភាព» ដែលមិនគិតថ្លៃ ខណៈមន្ទីរពេទ្យនេះមានសមត្ថភាពទទួលអ្នកជំងឺ១ម៉ឺនគ្រែ៕