ព័ត៌មានជាតិ

ឯកឧត្តម កែ គឹមយ៉ាន ៖ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានប្រែក្លាយតំបន់អតីតសមរភូមិសង្គ្រាមទាំងអស់ ទៅជាទីផ្សារ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ

ខេត្តបន្ទាយមានជ័យ៖ថ្លែងក្នុងឱកាសដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតដោយមានអ្នកចូលរួមចំនួន១៦.០០០នាក់ មកពី៦ក្រុង-ស្រុក ក្នុងខេត្តបន្ទាយមានជ័យ នោះ ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណ:អចិន្ត្រៃយ៍ គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្ស ចុះពង្រឹងខេត្តបន្ទាយមានជ័យ បានលើកឡើងថា យើងទាំងអស់គ្នាដឹងហើយថា គណបក្សប្រជាជន ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានដាក់គោលនយោបាយយ៉ាងច្បាស់ ដើម្បីប្រែក្លាយតំបន់អតីតសង្គ្រាមទាំងអស់ ទៅជាទីផ្សារ និងការអភិវឌ្ឍន៍ ហើយសព្វថ្ងៃនេះ តំបន់អតីតសមរភូមិសង្គ្រាមជាច្រើន បាននិងកំពុងក្លាយជាតំបន់អភិវឌ្ឍន៍ និងយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ បានកសាងផ្លូវថ្នល់ មន្ទីរពេទ្យ ពិសេសការដាក់ពង្រាយសាលារៀន រោងចក្រ ដល់មូលដ្ឋាន ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស និងផ្តល់ឱកាសការងារជូនក្មួយៗ ឲ្យបានកាន់តែច្រើន កាន់តែជិត និងកាន់តែងាយស្រួល បន្ថែមទៀតផង”។ក្នុងនោះឯកឧត្តម  កែ គឹមយ៉ាន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលគ្រប់អាយុ ត្រូវបំពេញកាតព្វកិច្ចទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទីអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់គ្នា។

សូមជំរាបផងដែរថា ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ថ្ងៃទី១ មានសមាជិក សមាជិកា ចូលរួមចំនួន១៦.០០០នាក់ មកពី៦ក្រុង-ស្រុក នៃខេត្តបន្ទាយមានជ័យដោយ ក្រុងសិរីសោភ័ណមានច្រើនជាងគេរហូតទៅដល់១០.០០០នាក់, ក្រុងប៉ោយប៉ែត១.០០០នាក់, ស្រុកអូរជ្រៅ២.០០០នាក់, ស្រុកស្វាយចេក១.០០០នាក់, ស្រុកព្រះនេត្រព្រះ១.០០០នាក់ ស្រុកមង្គលបូរី១.០០០នាក់ មានមធ្យោបាយធ្វើដំណើរមាន រថយន្ត គោយន្ត រថយន្តកង់៣ ម៉ូតូ កង់ជាច្រើនពាន់គ្រឿង ហែចេញមកពីតាមស្រុក ក្រុង បានមកជួបជុំគ្នា នៅមុខទីស្នាក់ការគណៈប្រជាជនកម្ពុជាខេត្ត ដើម្បីស្តាប់អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៣។ក្នុងដំណើការឃោសនានេះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលជាច្រើននាក់ និងដាក់ពង្រាយដើម្បីការពារសន្តិសុខ សុវត្ថិភាព សម្រួលចរាចរណ៍ ជូនថ្នាក់ដឹកនាំក្នុងពិធីដង្ហែក្បួននេះផងដែរ។

សូមបញ្ជាក់ផងដែរថា ខេត្តបន្ទាយមានជ័យ មានគណបក្សនយោបាយចំនួន១១ បានចុះបញ្ជីនិងដាក់បេក្ខជន សម្រាប់ការបោះឆ្នោត រួមមាន៖ ១-គណបក្សប្រជាជនកម្ពុជា ២-គណបក្សយុវជនកម្ពុជា ៣-គណបក្សខ្មែររួបរួមជាតិ ៤-គណបក្សធម្មាធិបតេយ្យ ៥-គណបក្សសញ្ជាតិកម្ពុជា ៦-គណបក្សខ្មែរតែមួយ ៧-គណបក្សហ្វ៊ុនស៊ិនប៉ិច ៨-គណបក្សខ្មែរឈប់ក្រ ៩-គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១០-គណបក្សស្ត្រីដើម្បីស្ត្រី និង១១-គណបក្សអភិរក្ស។ ខេត្ត មាន៩ស្រុក ក្រុងមាន ៦៧ឃុំ សង្កាត់ និងមានការិយាល័យបោះឆ្នោត ចំនួន១.១១៩ការិយាល័យ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button