ព័ត៌មានជាតិ

ក្រុមការងារគណបក្សប្រជាជនកម្ពុជា​ ថ្នាក់កណ្តាល​ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ បន្តដឹកនាំសមាជិក សមាជិការប្រមាណជាង៣០០០នាក់ដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣​ នៅស្រុកភ្នំស្រុក​

(បន្ទាយមានជ័យ​)៖​ លោក សេរី​ កុសល​ អនុប្រធានក្រុមការងារថ្នាក់កណ្តាល​ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ និងលោក បោន ប៊ិន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកភ្នំស្រុក​ នាថ្ងៃទី០២ ខែកក្កដា​ ឆ្នាំ២០២៣​ បានបន្តដឹកនាំសមាជិក​-សមាជិកស្រុក-ឃុំ​-ភូមិ​ ប្រមាណជាង៣០០០នាក់ដង្ហែរក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣​ នៅស្រុកភ្នំស្រុក​។

ថ្លែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនោះដែរ​ លោក សេរី កុសល បានលេីកឡេីងពីសមិទ្ធផលជាប្រវត្តិសាស្ត្រដែលសម្រេចបានបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា​ ក្រោម​ការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជោគជ័យយ៉ាងធំធេងនៅក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ ហើយបាននឹងកំពុងធ្វើដំណើរទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។

លោកបន្តថា​ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងការបែងចែកទឹកដី និងពីទឹកដី ដែលខឿនសេដ្ឋកិច្ចជាតិត្រូវបំផ្លាញខ្ទេចខ្ទីជាគំនរផេះផង់ ទៅជាទឹកដីដែលមានសន្តិភាព សាមគ្គីភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលធ្វើឱ្យប្រជាជនគ្រប់រូបបានរស់នៅយ៉ាងសុខសាន្តក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ នេះជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាដែលគណបក្សប្រជាជនបានកសាងឡើងក្នុងស្មារតីនៃភាពជាម្ចាស់ ដោយឆន្ទៈឯកភាព និងប្តូរផ្តាច់ នៅក្នុងដំណើរដ៏បត់បែនរបស់ប្រជាជាតិយើងរយៈពេលជាងប្រាំសតវត្សរ៍ចុងក្រោយនេះ។

លោក បញ្ជាក់​ទៀតថា​ ឈរលើមូលដ្ឋានសច្ចធម៌នេះ ប្រជាជនកម្ពុជាបានយល់យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងដឹកនាំប្រទេសជាតិដែលពុំអាចខ្វះបាន ទាំងពេលបច្ចុប្បន្ន ក៏ដូចតទៅមុខយូរអង្វែង ហើយបានផ្ដល់យុត្តិធម៌ដល់គណបក្សតាមរយៈការបោះឆ្នោតគាំទ្រយ៉ាងច្រើនលើសលប់ ទាំងការបោះឆ្នោតថ្នាក់ជាតិ ក៏ដូចថ្នាក់ក្រោមជាតិ និងការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស។

ដូច្នេះដើម្បីឱ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន ឯកឧត្តម​ សេរី កុសល បានអំពាវនាវដល់សមាជិក-សមាជិកា និងប្រជានជនកម្ពុជាទាំងអស់ បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោត ពិសេសគាំទ្របេក្ខភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button