សន្តិសុខកាស៊ីណូផ្កាយ៥ ម្នាក់ ត្រូវជនជាតិថៃចាក់ចំពោះបណ្តាលឲ្យរងរបួសស្រាល ខណ:ដែលចូលទៅហាមឃាត់ជនជាតិថៃពីរក្រុមជាង១០នាក់វ៉ៃតប់គ្នា នៅហាងផឹកស៊ីផ្សារទឹកពុះ ក្នុងក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ជនជាតិថៃប្រុស ស្រី០២ក្រុម ជាង១០នាក់វ៉ៃតប់គ្នា នៅហាងផឹកស៊ីផ្សារទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៣ នៅពេលសន្តិសុខកាស៊ីណូផ្កាយ៥ ម្នាក់ ចូលទៅហាមឃាត់មិនឲ្យវ៉ៃតប់គ្នា ក៏ត្រូវបានក្រុមទាំងនោះចាក់ចំពោះបណ្តាលឲ្យរងរបួសស្រាល។
ពាក់ព័ន្ធករណីខាងលើនេះដែរបើតាមសន្តិសុខកាស៊ីណូផ្កាយ៥ បានប្រាប់ឲ្យដឹងថា៖នៅមុនពេលកើតហេតុមានជនជាតិថៃ២ក្រុម មានទាំងប្រុស ស្រីជាង១០នាក់ បានចូលផឹកស៊ីនៅក្នុងហាងមួយកន្លែងចំណុចផ្សារទឹកពុះក្នុងបរិវេណកាស៊ីណូផ្កាយ៥ ក្នុងក្រុងប៉ោយប៉ែត បានទាស់ពាក្យសំដី ឈ្លោះប្រកែកគ្នារហូតឈានដល់ការវ៉ៃតប់គ្នាទៅវិញទៅមកនិងបង្កហឹង្សា ឃើញដូច្នោះសន្តិសុខការពារចំណុចផ្សារទឹកពុះប្រមាណ៤ទៅ៥នាក់ បានចូលទៅហាមឃាត់ ក៏ត្រូវបានជនជាតិថៃទាំនោះបានចាក់ចំពោះ បណ្តាលឲ្យរងរបួសសើរស្បែកក្រោយពីកើតហេតុជនបង្កបានរត់គេចខ្លួនអស់នៅសល់តែស្រីៗ។
សន្តិសុខរូបនោះបានបញ្ជាក់ថា៖ជនបង្កដែលបានចាក់ទៅសន្តិសុខខ្មែរម្នាក់ បណ្តាលឲ្យរងបួសចំពោះ រួចគេចខ្លួននោះ បានកំណត់មុខសញ្ញាបានហើយ ។ក្រោយពីកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចជំនាញ ដើម្បីចាប់ខ្លួនមកអនុវត្តន៍តាមច្បាប់ហើយដែរ៕