កិច្ចប្រជុំសាមញ្ញលើកទី ៤៩ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ត្រូវរួមកម្លាំងគ្នា ខិតខំប្រឹងប្រែងរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដើម្បីជៀសវាងការមានបញ្ហាផ្សេងៗកើតឡើង ព្រោះថាគ្រប់គណបក្សនយោបាយទាំងអស់សុទ្ធសឹងជាខ្មែរតែមួយ គ្រាន់តែខុសត្រង់និន្នាការនយោបាយប៉ុណ្ណោះ។ លោក ពិន ប៉ូឡូ សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តលើកឡើងបែបនេះក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៤៩ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។សូមជំរាបផងដែរថា កិច្ចប្រជុំនេះមានរបៀបវារៈចំនួន ៥ ដែលត្រូវលើកយកមកពិនិត្យពិភាក្សានិងអនុម័ត។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ំុ រាត្រី អភិបាលខេត្តបានមានប្រសាសន៍ថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុងស្រុក កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ បាននិងខិតខំប្រឹងប្រែង យកចិត្តទុកដាក់លើការងារ ការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ហើយក្នុងនោះក៏បានពង្រឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅពេលយប់លើកចំណុចមួយចំនួនក្នុងខេត្ត ដើម្បីការពារសន្តិសុខក្នុងអំឡុងពេលឃោសនាបោះឆ្នោត និងពេលបោះឆ្នោតនាពេលខាងមុខ។ ហើយក្នុងនោះផងដែរ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដំណឹងដ៏ល្អជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា មានក្រុមហ៊ុនជប៉ុនមួយឈ្មោះ ថេកណ ផាក ប៉ោយប៉ែត PVT OLTD “ភីវីធី អូអិលធីឌី ” បានបង្កើតរោងចក្រមួយក្នុងក្រុងប៉ោយប៉ែត គឺខាងផ្នែករុំខ្សែភ្លើងដាក់ក្នុងរថយន្តដោយត្រូវការកម្មករចំនួន ៨០០នាក់ សម្រាប់បម្រើការនៅទីនោះ ហើយរោងចក្រនិងចាប់ផ្ដើមដំណើរការនៅដើមខែ ១២ ខាងមុខនេះ។
ថ្លែងក្នុងកិច្ចប្រជុំនេះដែរលោក ពិន ប៉ូឡូ ក៏បានធ្វើការកោតសរសើរដោយស្មោះចំពោះលោក លោកស្រី កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ បំពេញភារកិច្ចទទួលបានជោគជ័យ និងសូមឲ្យបន្តការយកចិត្តទុកដាក់បន្ថែមទៀត ពិសេសលើការផ្ដល់សេវាសាធារណៈ ដោះស្រាយឲ្យបានលឿនទាន់ពេលវេលា ជូនពុកម៉ែបងប្អូនជាទូទៅផងដែរ៕