កងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្រ្តាក់ នៅស្រុកអូរជ្រៅ
(បន្ទាយមានជ័យ):ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កងកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ ដឹកនាំដោយវរសេនីយ៍ត្រី សឹង សុផារិន មេបញ្ជាការរងវរសេនាតូចថ្មើរជើងលេខ៥១៣ នាំយកស័ង្កសី ដែលជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចុះសហការជាមួយកម្លាំងចម្រុះ អាជ្ញាធរមូលដ្ឋាន ជួយជួសជុល រុះរើ រៀបចំទុកដាក់ផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ដែលបណ្តាលឲ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋធ្ងន់ និងស្រាលសរុបចំនួន ៤ខ្នង ស្ថិតនៅភូមិថ្មី និងភូមិបន្លេច ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា កម្លាំងវរសេនាតូចថ្មេីរជេីងលេខ៥១៣ ជានិច្ចកាល តែងតែយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជាថ្នាក់លេី ក្រៅពីចូលរួមទប់ស្កាត់ប្រជាពលរដ្ឋ ពលករ លួចឆ្លងដែនចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនខ្មែរ-ថៃ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ កម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣ ក៏នៅតែបន្តការយកចិត្តទុកដាក់ចូលរួមសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះប្រជាពលរដ្ឋជួបការលំបាកដែលទទួលរងគ្រោះមហន្តរាយផ្សេងៗ ដូចជា ខ្យល់ព្យុះកន្ត្រាក់ ទឹកជំនន់ ច្រូតស្រូវ។ល។ ជាប្រចាំទាំងនៅជួរមុខ និងនៅផ្នែកខាងក្រោយក្នុងភូមិសាស្រ្តទទួលខុសត្រូវ។
ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានគោរពថ្លែងអគុណ ជូនចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ និងសូមមានសុខភាពល្អបរិបូរណ៍ ទទួលជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត៕