ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភស័ង្កសី សម្រាប់ជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើជើងលេខ៥១ នាថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០២៣ បានចាត់តាំងកម្លាំងអន្តរាគមន៍ វរសេនាតូចថ្មើរជើងលេខ៥១១,វរសេនាតូចថ្មើរជើងលេខ៥១៣ ដឹកនាំដោយ លោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១១ សហការជាមួយកងកម្លាំងចម្រុះ ផ្នែកសឹករងស្រុកម៉ាឡៃ អធិការនគរបាល ស្រុកម៉ាឡៃ វរសេនាតូចនគរបាលព្រំដែន និងអាជ្ញាធរមូលដ្ឋាន នាំយកអំណោយស័ង្កសី របស់ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ចុះជួយរុះរើជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ស្ថិតឃុំម៉ាឡៃ១ខ្នង ឃុំបឹងបេង២ខ្នង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០២៣ វេលាម៉ោង៤និង៣០នាទី មានភ្លៀងធ្លាក់ លាយឡំដោយខ្យល់កន្រ្តាក់ បណ្តាលឲ្យខូចខាតផ្ទះ ចំនួន៣ខ្នង និងសម្ភារមួយចំនួន ។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់អំណោយស័ង្កសី សម្រាប់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ រក្សាទុកដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា កងកម្លាំងចម្រុះរួមជាមួយអាជ្ញាធរមូលដ្ឋានបានរួមគ្នាខិតខំជួយជួសជុលជូនប្រជាពលរដ្ឋបានស្នាក់នៅឡើងវិញ។
ក្នុងឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋជួបការលំបាកគ្រប់ទីកន្លែង គ្រប់វេលា និងប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជា បេក្ខភាព នាយក រដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត៕