សន្និបាតលើកទី១៥ នៃក្រុមជំនុំមេតូឌីស្ទ ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ឆ្លងតាមការធ្វើសន្និបាត រយៈពេលពេញ១ថ្ងៃ នាថ្ងៃអាទិត្យទី៩ ខែកក្កដា ឆ្នាំ២០២៣ របស់ក្រុមជំនុំមូលដ្ឋានលើកទី១៥ នៃក្រុមជំនុំ មេតូឌីស្ទខេត្តបន្ទាយមានជ័យ ក្នុងគោលបំណង ដើម្បីពង្រឹងពង្រីក សមាជិករបស់ក្រុមជំនុំ ឲ្យមានការរីកចម្រើនបន្តទៀត ក៏ដូចជាការលើកតម្កើងដល់ព្រះយេស៊ូគ្រិស្ត អស់រយៈពេលពេញមួយថ្ងៃជាសមាជិក សមាជិកានិង ប្រធានគណៈកម្មការ ផ្នែកនីមួយៗ បានធ្វើនូវរបាយការណ៍សង្ខេបរបស់ខ្លួន ព្រមទាំងផ្ដល់ជាសំណួរចម្លើយនិងសំណូមពរមួយចំនួន ដល់អស់លោក លោកស្រីស្ដីពីការគ្រប់គ្រងលើផ្នែក ឲ្យមានការរីកចម្រើនគណនេយ្យភាព តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។ ក្នុងអង្គសន្និបាតនេះផងដែរ ក៏មានការបោះឆ្នោតអាណត្តិថ្មីនៃគណៈកម្មការនីមួយៗ ដើម្បីធ្វើការដឹកនាំ គ្រប់គ្រងបន្តទៀតហើយការបោះឆ្នោត សង្កេតឃើញថា អ្នកជាប់បានសំឡេងច្រើន ឬនាក់បាន សំឡេងតិច គឺមានភាពសប្បាយរីករាយអាចទទួលយកបាននូវលទ្ធផល នៃការបោះឆ្នោតនេះដោយមានយុត្តិធម៌ ក្រោយពីបានប្រកាសនូវលទ្ធផលរួចមក អង្គសន្និបាតក៏បានធ្វើពិធី បិទក្រោមវត្តមានចូលរួមពីសំណាក់លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ លោក កឹម សុធារិទ្ធ ប្រធានតំបន់មេតូឌីស លោក គឹម វិវឌ្ឍន៍ គ្រូគង្វាលទទួលបន្ទុកក្រុមមេតូឌីស្ទខេត្តបន្ទាយមានជ័យ។
លោក គឹម វិវឌ្ឈន៍ បានបញ្ជាក់ថា ពួកក្រុមជំនុំមេតូនីសខេត្តបន្ទាយមានជ័យជាមានមុខរបរ ធ្វើការអង្គការក្រៅរដ្ឋាភិបាល ធនាគារ ក្រុមហ៊ុនអាជីវកម្ម និងសិស្សនិស្សិត ហើយសក្ដានុពលនៃក្រុមជំនុំវាទៅនេះគឺខាងតន្ដ្រីកីឡាព្រមទាំងមានស្ថានីយវិទ្យុរីករាយ Joy for you តារាងបាល់ទាត់និង អន្តេវាសិកដ្ឋាន។ ក្រៅពីកិច្ចការងារខាងលើក្រុមជំនុំមេឡូឌីខេត្តបន្ទាយមានជ័យ ក៏បានចូលរួមជាមួយរដ្ឋបាលខេត្ត លើការងារមនុស្សធម៌ការងារហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ពិសេសលើការងារវិស័យអប់រំសិក្សាធនធានមនុស្ស ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត ក៏បានធ្វើការកោតសរសើរចំពោះក្រុមជំនុំមេតូឌីស្ទ ដែលតែងតែសហការជាមួយមន្ទីរធម្មការនិងសាសនាចូលរួមចំណែកលើកកម្ពស់វិស័យសាសនា ឲ្យមានភាពរីកចម្រើន គ្មានការប្រកាន់នូវនៃនិន្នាការ សាសនាអ្វីឡើយព្រោះថាសាសនាព្រះពុទ្ធ និងសាសនាគ្រឹស្ដគឺជាសាសនានៃសុខសន្តិភាពធ្វើឲ្យមនុស្ស ស្គាល់ខុសត្រូវ បាបបុណ្យ គុណទោសធ្វើតែអំពើល្អ។ចុងបញ្ចប់ គណះអធិតី បានប្រគល់ប័ណ្ណសរសើរ ប័ណ្ណថ្លែងអំណរគុណ និងកាដូ ជូនដល់ក្រុម មេតូឌីស្ទ ដែលបានចូលរួម៕