ជនជាតិចិន ១ក្រុម ព្រួតគ្នាវ៉ៃលើជនជាតិចិនដូចគ្នាម្នាក់ឯង បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចពេញខ្លួន និងវ៉ៃខ្នោះរុញចូលរថយន្ត ត្រូវនគរបាលទៅទាន់ឃាត់ខ្លួនបញ្ជូនទៅអធិការនគរបាលក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ពិតជាសាហាវឃោឃៅណាស់ជនជាតិចិន១ក្រុមមានគ្នាចំនួន៩នាក់ បានព្រួតគ្នាវ៉ៃទៅលើជនជាតិចិនដូចគ្នាម្នាក់ឯង បណ្តាលបែកក្បាលហូរឈាម ស្រោចពេញខ្លួន ហើយវ៉ៃខ្នោះរុញចូលរថយន្តបម្រុងបើកចេញ ត្រូវកម្លាំងនគរបាលចុះទៅទាន់ឃាត់ខ្លួនភ្លាមៗនៅយប់ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២៣ នៅមុខហាងហេងគារពិភពគ្រឿងសមុទ្រ ស្ថិតនៅក្នុងភូមិក្បាលស្ពាន ១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ពាក់ព័ន្ធករណីខាងលើនេះ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុមានជនជាតិចិន ១ក្រុម មានគ្នា៩នាក់ ជិៈរថយន្តម៉ាក់អាល់ផាត ពាក់ផ្លាក់លេខ បន្ទាយមានជ័យ 2D-6336បានចតមុខហាង «ហេងគារពិភពគ្រឿងសមុទ្រ»ទល់មុខផ្សារទឹកពុះក្នុងបរិវេណកាស៊ីណូផ្កាយ៥ មានដំបងកាន់ជាប់នឹងដៃ បានព្រួតគ្នាវ៉ៃទៅលើជនរងគ្រោះដែលជាជនជាតិចិនដូចគ្នា បណ្តាលបែកក្បាលហូរឈាមស្រោចពេញខ្លួន ទោះបីជាជនរងគ្រោះខំព្យាយាមប្រឹងរត់យ៉ាងណាក៏ដោយមិនរួច ត្រូវក្រុមជនជាតិចិនទាំងនោះ បានដេញតាមចាប់វ៉ៃខ្នោះដៃទាំងពីរអូសចូលខាងក្រោយរថយន្តហើយបម្រុងបើកចេញ ក៏ត្រូវបានសន្តិសុខផ្សារទឹកពុះ ឃាត់ហើយរាយកាណ៍ទៅកម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចុះមកអន្តរាគមន៍ជួយរំដោះជនរងគ្រោះចេញពីរថយន្ត។
ប្រភពបញ្ជាក់ថា៖ក្រោយឃាត់រថយន្តហើយរំដោះជនរងគ្រោះជាជនជាតិចិន ចេញពីរថយន្តហើយនោះ កម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិទាំង៩នាក់ក្នុងនោះមានជនជាតិខ្មែរ ២នាក់ផងដែរ ដែលជាបក្សពួកបង្ករបួសស្នាម បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវអនុវត្តតាមនីតិវិធីច្បាប់។
បើតាមប្រភពដាច់ដោយឡែកបញ្ជាក់ថា ករណីខាងលើនេះគឺផ្តើមចេញពីជនរងគ្រោះជំពាក់លុយ ជនបង្ក ទើបឈានដល់ការបង្កហឹង្សារយ៉ាងឃោឃៅបែបនេះ ហើយការវ៉ៃខ្នោះរុញចូលរថយន្តទាំងបង្ខំនេះសង្ស័យនាំយកទៅធ្វើទារុណកម្មនៅកន្លែងណាមួយហើយ បានជាជនរងគ្រោះមិនព្រមទៅតាមជាហេតុធ្វើឲ្យជនបង្កប្រើហឹង្សារហូតបែកក្បាលហូរឈាមស្រោចពេញក្បាលបែបនេះ។
ពាក់ព័ន្ធករណីខាងលើនេះដែរលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនសង្ស័យដែលបង្កហឹង្សាទៅលើជនជាតិចិនដូចគ្នា បណ្តាលឲ្យរងរបួសនោះកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនិតិវិធី ៕